អ៊ុយក្រែនបន្តច្បាប់អាជ្ញាសឹករយៈពេល ៩០ ថ្ងៃទៀត
(VOVWORLD) - កាលពីថ្ងៃទី ១៧ ខែសីហា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelensky បានចុះហត្ថលេខាលើច្បាប់ពន្យាពេលនៃច្បាប់អាជ្ញាសឹកនិងបទបញ្ជាធ្វើកំណែនយៈពេលប្រហែលបីខែទៀត។
ប្រជាជនអ៊ុយក្រែនបានជម្លៀសចេញពីទីក្រុង Mariupol ។ រូបថត៖ THX/VNA |
នៅលើបណ្តាញ Telegram មេធាវី លោក Yaroslav Zheleznyak បានបញ្ជាក់ថា៖ "ប្រធានាធិបតី (Zelensky) បានចុះហត្ថលេខាលើច្បាប់ស្តីពីការបន្តច្បាប់អាជ្ញាសឹក និងបទបញ្ជាធ្វើកំណែន រយៈពេល ៩០ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣"។ មុននោះ សេចក្តីព្រាងច្បាប់ខាងលើត្រូវបានរដ្ឋសភាអ៊ុយក្រែនអនុម័តកាលពីថ្ងៃទី២៧ ខែកក្កដា។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសជាលើកដំបូងនូវច្បាប់អាជ្ញាសឹកនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានពង្រីកស្ថានភាពនេះជាច្រើនដង។ ការពន្យាពេល ៩០ថ្ងៃ ថ្មីបំផុតបានធ្វើឡើងនៅថ្ងៃទី ២០ ខែឧសភា ហើយនឹងផុតកំណត់នៅថ្ងៃទី ១៨ ខែសីហា។ យោងតាមផែនការ ប្រទេសនេះនឹងរៀបចំការបោះឆ្នោតសភានៅខែតុលាឆ្នាំ២០២៣នេះ និងការបោះឆ្នោតប្រធានាធិបតីនៅដើមឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែននឹងមិនអាចរៀបចំការបោះឆ្នោតដ៏សំខាន់ទាំងពីរនេះបានទេ រហូតដល់ពេលដែលច្បាប់អាជ្ញាសឹកត្រូវបានដកចេញ។ ប្រធានរដ្ឋសភាអ៊ុយក្រែន លោក Ruslan Stefanchuk ក៏បានកត់សម្គាល់ផងដែរថា យោងតាមបទបញ្ញត្តិរបស់ច្បាប់ អ៊ុយក្រែនមិនអាចរៀបចំការបោះឆ្នោតក្នុងអំឡុងពេលច្បាប់អាជ្ញាសឹកបានទេ៕