អ៊ុយក្រែនបានទទួលជំនួយបន្ថែមចំនួន ១,៥​ ពាន់លានអឺរ៉ូ ពីសហភាពអឺរ៉ុប

(VOVWORLD) - កាលពីថ្ងៃទី ២២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានស្វាគមន៍កញ្ចប់ជំនួយថ្មីដែលមានតម្លៃ ១,៥ ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប (EU) ដោយបញ្ជាក់ថានេះគឺជា "គន្លឹះ" ក្នុងការរក្សាស្ថិរភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសនេះ ក្នុងបរិបទនៃជម្លោះ។ 

ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានឲ្យដឹងថា រដ្ឋាភិបាលបានទទួលកញ្ចប់ជំនួយថ្មីបំផុតចំនួន ១,៥ ពាន់លានអឺរ៉ូពី EU ដែលនាំឲ្យបរិមាណជំនួយសរុបពីប្លុកនេះឡើងដល់ ១៦,៥ ពាន់លានអឺរ៉ូនៅឆ្នាំនេះ។ នាយករដ្ឋមន្ត្រី Shmyhal ក៏សង្ឃឹមថា កម្មវិធីមានតម្លៃ ៥០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសអ៊ុយក្រែននឹងត្រូវបានអនុម័តយ៉ាងឆាប់រហ័ស នៅពេលដែលស្ថានភាពជំនួយពីសហរដ្ឋអាមេរិកមានភាពមិនច្បាស់លាស់នៅឆ្នាំ២០២៤។

អ៊ុយក្រែនបានទទួលជំនួយបន្ថែមចំនួន ១,៥​ ពាន់លានអឺរ៉ូ ពីសហភាពអឺរ៉ុប - ảnh 1អគារអាផាតមិនមួយត្រូវបានបំផ្លិចបំផ្លាញក្នុងអំឡុងពេលមានជម្លោះនៅក្រុង Saltivka ក្នុងតំបន់ Kharkiv ប្រទេសអ៊ុយក្រែន។ រូបថត៖ AFP/TTXVN

ជម្លោះជាមួយរុស្ស៊ី បានអូសបន្លាយរយៈពេល ២១ ខែ រងផលប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ ដោយបង្ខំឲ្យរដ្ឋាភិបាលប្រទេសនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីសម្ព័ន្ធមិត្តលោកខាងលិចសម្រាប់ការចំណាយសង្គម។ អ៊ុយក្រែនកំពុងប្រឈមមុខនឹងហានិភ័យនៃឱនភាពថវិកាប្រហែល ៤៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំខាងមុខ ហើយរដ្ឋាភិបាលប្រទេសនេះគ្រោងនឹងទូទាត់ឱនភាពជាមួយនឹងជំនួយហិរញ្ញវត្ថុពីបរទេស។ ទីក្រុងគៀវសង្ឃឹមថានឹងទទួលបានប្រហែល ១៨ ពាន់លានអឺរ៉ូពីកម្មវិធីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនរបស់សហភាពអឺរ៉ុបនៅឆ្នាំក្រោយ ខណៈដែលប្រទេសនេះក៏កំពុងស្វែងរកជំនួយសេដ្ឋកិច្ចពី ១២ ទៅ ១៤ ពាន់លានដុល្លារពីសហរដ្ឋអាមេរិកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិកមិនទាន់ត្រូវបានអនុម័តនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ