អ៊ីរ៉ង់ និង UAE ប្រឆាំងជំទាស់នឹងការដុតគម្ពីរកូរ៉ាននៅស៊ុយអែត និងដាណឺម៉ាក
(VOVWORLD) - នាថ្ងៃទី២៣ កក្កដា ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian និងសមភាគីអេមីរ៉ាតអារ៉ាប់រួម (UAE) Sheikh Abdullah bin Zayed Al Nahyan បានពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីទំនាក់ទំនងទ្វេភាគី និងការដុតគម្ពីរកូរ៉ាននាពេលថ្មីៗនេះនៅក្នុងប្រទេសស៊ុយអែត និងដាណឺម៉ាក។
ក្រុមអ្នកតវ៉ានៅទីក្រុង Sadr ជាយក្រុងបាកដាដ (អ៊ីរ៉ាក់) នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ប្រឆាំងនឹងការដុតគម្ពីរកូរ៉ានក្នុងប្រទេសដាណឺម៉ាក (រូបថត៖ AFP/TTXVN) |
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងថា ការដុតគម្ពីរកូរ៉ានក្នុងប្រទេសអឺរ៉ុបទាំងពីរបានធ្វើឱ្យប៉ះពាល់ដល់អ្នកកាន់សាសនាឥស្លាមជុំវិញពិភពលោក ហើយបានអំពាវនាវឱ្យមានវិធានការតឹងរ៉ឹងប្រឆាំងនឹងជនល្មើស។ អ្នកការទូតអ៊ីរ៉ង់រូបនេះក៏បានស្នើឱ្យកោះកិច្ចប្រជុំជាបន្ទាន់ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដើម្បីពិភាក្សាលើបញ្ហានេះ។ ចំណែកឯរដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពប្រមាថម៉ាក់ងារ ប្រឆាំងនឹងសៀវភៅបរិសុទ្ធរបស់អ្នកកាន់សាសនាឥស្លាម និងជំនឿលើសាសនា។
សូមរំលឹកឡើងវិញថា នៅថ្ងៃទី២១ ខែកក្កដាកន្លងមក ក្រុមស្តាំនិយម Danske Patrioter នៅប្រទេសដាណឺម៉ាកបានបង្ហោះវីដេអូបុរសម្នាក់ដុតសៀវភៅដែលមើល ទៅដូចជាគម្ពីរកូរ៉ាន និងប្រមាថទង់ជាតិអ៊ីរ៉ាក់នៅមុខស្ថានទូតអ៊ីរ៉ាក់ប្រចាំទីក្រុង Copenhagen។ ឧបទ្ទវហេតុនេះបានបង្កការខឹងសម្បារក្នុងចំណោម សហគមន៍ មូស្លីមក្នុងប្រទេសអ៊ីរ៉ាក់។ មុននោះកាលពីដើមខែមិថុនា បាតុករម្នាក់ដែលបានធ្វើចំណាកស្រុកពីអ៊ីរ៉ាក់ទៅកាន់ស៊ុយអែត បានដុតគម្ពីរកូរ៉ាននៅខាងក្រៅវិហារអ៊ីស្លាមដ៏ធំមួយក្នុងទីក្រុង Stockholm រដ្ឋធានីស៊ុយអែត ដែលបណ្តាលឲ្យមានការរិះគន់ពីប្រទេសជាច្រើន៕