អ៊ីរ៉ង់ និងទួរគី ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃទី៣ ខែកញ្ញា បានជួបជាមួយសមភាគីទួរគីលោក Hakan Fidan នៅទីក្រុង Tehran ដើម្បីពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគី Fidan រដ្ឋមន្ត្រីការបរទេសលោក Amir-Abdollahian បាននិយាយថា ប្រទេសទាំងពីរបានកំណត់គោលដៅនៃការបង្កើនពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំដល់ ៣០ ពាន់លានអឺរ៉ូ (៣២.៣៣ ពាន់លានដុល្លារ) ហើយកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចបាននូវគោលដៅនេះ។
លើសពីនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការចាត់វិធានការសកម្មបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃអរិភាពឆ្ពោះទៅរកការប្រឆាំងនឹងសាសនាអ៊ីស្លាម និងការប្រមាថមើលងាយគម្ពីរកូរ៉ាន។ លើសពីនេះ អ៊ីរ៉ង់ និងទួរគីបានព្រមព្រៀងធ្វើសន្និសីទត្រីភាគីដោយមានការចូលរួមពីអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីដំណោះស្រាយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងបី។
ចំណែកខ្លួនវិញ រដ្ឋមន្ត្រីការបរទេស Fidan បានសម្តែងថា ទីក្រុងអង់ការ៉ាស្វាគមន៍ការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងទីក្រុង Tehran និង Riyadh ហើយបានពណ៌នាទួរគី អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតជាប្រទេសសំខាន់ និងទទួលខុសត្រូវចំនួនបីនៅក្នុងតំបន់ ដោយទំនាក់ទំនងមិត្តភាពមានសារៈសំខាន់ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាស្ថិរភាពក្នុងតំបន់។
យោងតាមរដ្ឋមន្ត្រីការបរទេសទួរគី ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការធានាសន្តិសុខនៅតាមតំបន់ព្រំដែនរួម ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងថាមពល៕