អ៊ីរ៉ង់ត្រៀមខ្លួនវិលត្រឡប់ទៅតុចរចានុយក្លេអ៊ែរវិញ
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ក៏បានបញ្ជាក់ផងដែរថា ការចរចានេះមិនផ្អែកលើជំនឿទុកចិត្តចំពោះរដ្ឋបាលអាមេរិក ហើយបានសង្កត់ធ្ងន់ថា ទីក្រុងតេហេរ៉ង់មានដែនកំណត់លើផលប្រយោជន៍ជាតិរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani ។ រូបថត៖ tasnimnews
|
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani កាលពីថ្ងៃទី ៣១ កក្កដា បានអះអាងថា អ៊ីរ៉ង់នៅតែព្យាយាមប្រដេញតាមដំណើរការការទូតទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ស្របតាមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលសម្រេចបានជាមួយក្រុម P5+1 (ចិន បារាំង រុស្ស៊ី អង់គ្លេស អាមេរិក និងអាល្លឺម៉ង់) ឫបានហៅថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA) ។ តាមនោះ អ៊ីរ៉ង់បានត្រៀមខ្លួនបន្តការចរចាជាមួយលោកខាងលិច ដើម្បីស្តារកិច្ចព្រមព្រៀង JCPOA ឡើងវិញ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីតេហេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ក៏បានបញ្ជាក់ផងដែរថា ការចរចានេះមិនផ្អែកលើជំនឿទុកចិត្តចំពោះរដ្ឋបាលអាមេរិក ដោយបានសង្កត់ធ្ងន់ថា ទីក្រុងតេហេរ៉ង់មានដែនកំណត់លើផលប្រយោជន៍ជាតិរបស់ខ្លួន។
ចាប់តាំងពីខែមេសា ឆ្នាំ ២០២១មក អ៊ីរ៉ង់ និងក្រុម P5+1 បានធ្វើការចរចាជាច្រើនលើកនៅទីក្រុងវីយ៉ែន (អូទ្រីស) ដើម្បីស្ដារឡើងវិញកិច្ចព្រមព្រៀង JCPOA បន្ទាប់ពីអាមេរិកបានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៨។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការខ្វែងគំនិតគ្នា ដែលភាគច្រើនគឺរវាងអ៊ីរ៉ង់និងអាមេរិកលើបញ្ហាដកទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងទីក្រុងតេហេរ៉ង់នោះ ដំណើរការចរចាត្រូវបានផ្អាកចាប់តាំងពីខែសីហា ឆ្នាំ២០២២ ហើយភាគីពាក់ព័ន្ធមិនទាន់ឈានដល់ការឯកភាពគ្នាលើពេលវេលាសម្រាប់បន្តការចរចាឡើងវិញនៅឡើយទេ៕