អ៊ីរ៉ង់និងរុស្ស៊ីមានសុទិដ្ឋិនិយម ចំពោះការចរចានុយក្លេអ៊ែរ
(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ២៨ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានចាត់ទុកថា ការចរចាដើម្បីជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ (ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ - JCPOA) កំពុងតែ "ដើរតាមទិសដៅល្អប្រសើរ" និងអាចសម្រេចបានកិច្ចព្រមព្រៀងមួយ ប្រសិនបើភាគីផ្សេងទៀតបានបង្ហាញពី"សុច្ឆន្ទៈ" និង "ភាពហ្មត់ចត់"។
ទិដ្ឋភាពទូទៅនៃវង់ចរចាថ្មីស្តីពីការស្តារឡើងវិញកិច្ចព្រមព្រៀង JCPOA នៅទីក្រុងវីយ៉ែនប្រទេសអូទ្រិស ថ្ងៃទី២៧ ខែធ្នូ។ (រូបថត៖ AFP/TTXVN) |
លោក Hossein Amirabdollahian ក៏បានសម្តែងជំនឿជាក់ថា នឹងសម្រេចបានកិច្ចព្រមព្រៀងមួយឲ្យបានឆាប់ៗនាពេលខាងមុខ ប្រសិនបើភាគីដែលនៅសេសសល់ បានបង្ហាញពីភាពហ្មត់ចត់បន្ថែមទៀតក្នុងការចរចា។
នាថ្ងៃដដែលនោះ បេសកជនពិសេសទទួលបន្ទុកបញ្ហានុយក្លេអ៊ែររបស់រុស្ស៊ីលោក Mikhail Ulyanov បានឲ្យដឹងថា ការចរចាដើម្បីស្ដារឡើងវិញកិច្ចព្រមព្រៀង JCPOA នៅទីក្រុងវីយែន (អូទ្រីស) កំពុង “មានវឌ្ឍនភាពដែលមិនអាចប្រកែកបានឡើយ”។ លោក Mikhail Ulyanov បានឲ្យដឹងថា ការដកទណ្ឌកម្មកំពុងត្រូវបានពិភាក្សាយ៉ាងក្តៅគគុកនៅក្នុងជំនួបក្រៅផ្លូវការនានា។
បច្ចុប្បន្នលោក Ulyanov កំពុងចូលរួមក្នុងវង់ចរចាទី៨ ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលទើបបានចាប់ផ្តើមឡើងវិញនៅថ្ងៃទី ២៧ ខែធ្នូ ក្នុងនោះទីក្រុងតេហេរ៉ង់បានផ្តោតសំខាន់លើទិដ្ឋភាពមួយនៃកិច្ចព្រមព្រៀងដំបូង គឺការទាមទារសម្រាប់ការដកទណ្ឌកម្ម។ កាលពីវង់ចរចាមុននោះ តំណាងភាគីអង់គ្លេស បារាំង និងអាល្លឺម៉ង់ បាននាំចេញការវាយតម្លៃទុទិដ្ឋិនិយម អំពីលទ្ធភាពនៃការស្តារលើងវិញនូវកិច្ចព្រមព្រៀង JCPOA ៕