អ៊ីរ៉ង់និងអាមេរិកបន្តចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្រោមការសម្របសម្រួលរបស់អូម៉ង់
(VOVWORLD) - កាលពីថ្ងៃទី ១២ ខែមិថុនា អ៊ីរ៉ង់បានប្រកាសបន្តការចរចាដោយប្រយោលជាមួយអាមេរិក តាមរយៈការសម្របសម្រួលរបស់ប្រទេសអូម៉ង់ ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ និងការផ្លាស់ប្តូរអ្នកទោសរវាងប្រទេសទាំងពីរ។
រោងចក្រនុយក្លេអ៊ែរ Isfahan ចម្ងាយ ៤២០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី Tehran ។ រូបថត៖ AFP/VNA |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Tehran អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានឲ្យដឹងថា "ទីក្រុង Tehran ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអូម៉ង់ ហើយលោកបានបញ្ជូនសារមួយទៅកាន់ភាគីអាមេរិកទាក់ទងនឹងការដកទណ្ឌកម្ម តាមរយៈអន្តរការីនេះ។ អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ថា ភាគីអ៊ីរ៉ង់ជានិច្ចកាលធានាការរក្សាកិច្ចសន្ទនាប្រកបដោយតម្លាភាព។ ក្រៅពីការចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ អ្នកនាំពាក្យ Kanani បានឲ្យដឹងថា ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោនអាចនឹងយល់ព្រមលើការផ្លាស់ប្តូរអ្នកទោសក្នុងពេលឆាប់ៗនេះ។
សេចក្តីថ្លែងការណ៍ខាងលើត្រូវបាននាំចេញក្នុងបរិបទដែលការចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន សំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (JCPOA) ជាមួយក្រុម P5+1 (រួមទាំងសមាជិកអចិន្ត្រៃយ៍ចំនួនប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសអាល្លឺម៉ង់) មិនទាន់សម្រេចបានវឌ្ឍនភាពណាមួយឡើយ។ កាលពីថ្ងៃទី ១១ ខែមិថុនា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានអះអាងសារជាថ្មីនូវគោលជំហរជាផ្លូវការរបស់អ៊ីរ៉ង់ ដោយនិយាយថា ប្រទេសនេះមិនដែលមានបំណងផលិតគ្រាប់បែកនុយក្លេអ៊ែរទេ ហើយបានបញ្ជាក់ពីលក្ខខណ្ឌសម្រាប់ការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយលោកខាងលិច ដែលទាមទារឱ្យរក្សាស្ថានភាពដដែលក្នុងទីតាំងផលិតនុយក្លេអ៊ែររបស់ប្រទេសនេះ៕