អ៊ីរ៉ង់និងអាមេរិកមិនពេញចិត្តនឹងការឆ្លើយតប ចំពោះសំណើដើម្បីស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
(VOVWORLD) - នៅថ្ងៃទី ១ ខែកញ្ញា សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនបានទទួលការឆ្លើយតបថ្មីបំផុតពីភាគីអ៊ីរ៉ង់ ស្តីពីការស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានហៅថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA) ហើយបានចាត់ទុកថា ការឆ្លើយតបនេះមិនមានលក្ខណៈស្ថាបនានោះទេ”។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian។ (រូបថត៖ AFP/TTXVN) |
នាព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ទីក្រុងតេហេរ៉ង់កំពុងរៀបចំចម្លើយ "ដោយប្រុងប្រយ័ត្ន និងឆាប់រហ័ស" ចំពោះការឆ្លើយតបរបស់ភាគីអាមេរិក ទាក់ទងនឹងសេចក្តីព្រាងកិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុប (EU) បានស្នើឡើងនៅដើមខែសីហា។ លោកបានអះអាងថា ចំណាត់ការរបស់អ៊ីរ៉ង់បានបង្ហាញពីសុច្ឆន្ទៈ និងភាពធ្ងន់ធ្ងររបស់ខ្លួន សម្រាប់ការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏ "រឹងមាំ និងយូរអង្វែង"។
អ៊ីរ៉ង់ និងអាមេរិកកំពុងមានការចរចាដោយប្រយោល ដើម្បីផ្លាស់ប្តូរទស្សនៈលើសេចក្តីព្រាងកិច្ចព្រមព្រៀងដែល EU បានស្នើឡើងនៅដើមខែសីហា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ មុននឹងភាគីពាក់ព័ន្ធទាំងអស់ បានឆ្ពោះទៅរកការស្តារកិច្ចព្រមព្រៀង JCPOA ឡើងវិញ៕