អ៊ីរ៉ង់ប្ដេជ្ញាបន្តការចរចានុយក្លេអ៊ែររហូតដល់ទីបញ្ចប់

(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែមីនា លេខាធិការនៃឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់លោក Ali Shamkhani បានប្រកាសថា ប្រទេសនេះនឹងបន្តចូលរួមក្នុងការចរចានុយក្លេអ៊ែរនៅ ទីក្រុងវីយែន (អូទ្រីស) រហូតដល់ពេលណាដែលតម្រូវការស្របច្បាប់របស់ទីក្រុង តេអេរ៉ង់ត្រូវបានឆ្លើយតប ហើយសម្រេចបាន "កិច្ចព្រមព្រៀងដ៏រឹងមាំ" មួយ។

អ៊ីរ៉ង់ប្ដេជ្ញាបន្តការចរចានុយក្លេអ៊ែររហូតដល់ទីបញ្ចប់ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh។ (រូបថត៖ IRNA/TTXVN)
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានដាស់តឿនឲ្យសហរដ្ឋអាមេរិកធ្វើការសម្រេចចិត្តដើម្បីស្តារផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ឡើងវិញ។ លោក Khatibzadeh បានសង្កត់ធ្ងន់ថា ឥឡូវនេះមិន មែនជាពេលវេលាដើម្បីប្រកាសកិច្ចព្រមព្រៀងទេ ព្រោះមានបញ្ហាសំខាន់មួយចំនួន នៅទុកចំហ ដែលត្រូវការសម្រេចចិត្តពីសហរដ្ឋអាមេរិក។
យោងតាមលោក ភ្លាមៗ បន្ទាប់ពីអ៊ីរ៉ង់ទទួលបានការឆ្លើយតបរបស់សហរដ្ឋអាមេរិក អ្នកចរចាអ៊ីរ៉ង់នឹងអាច ត្រឡប់ទៅទីក្រុងវីយែនវិញ ហើយឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ នៅក្នុងការវិវឌ្ឍន៍ដែលពាក់ព័ន្ធនោះ កាលពីថ្ងៃទី ១៤ ខែមីនា រុស្ស៊ីបានឡើង សម្លេងច្រានចោលព័ត៌មានដែលថា ការចរចានៅទីក្រុងវីយែនត្រូវផ្អាក បន្ទាប់ពី ប្រទេសនេះបានសំណូមពរការធានាថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំង នឹងសហព័ន្ធរុស្ស៊ីទាក់ទងនឹងបញ្ហា អ៊ុយក្រែន មិនប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម រវាងរុស្ស៊ីនិងអ៊ីរ៉ង់ឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ ថា ការចរចាលើការស្ដារឡើងវិញនូវ JCPOA នៅតែដំណើរការដូចធម្មតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ