អ៊ីរ៉ង់បានទទួលសារពីភាគីចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian នាថ្ងៃទី២៩ ខែមករាបានឲ្យដឹងថា ប្រទេសនេះបានទទួលសារពីភាគីចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រួមទាំងសហរដ្ឋអាមេរិក តាមការសម្របសម្រួលរបស់កាតា។
ទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមមួយ នៅអ៊ីរ៉ង់។ (រូបថត៖ AFP/TTXVN) |
នៅក្នុងសន្និសីទកាសែតរួមជាមួយសមភាគីកាតា Mohammed Bin Abdulrahman Al Thani បន្ទាប់ពីជំនួបនៅទីក្រុងតេហេរ៉ង់ (អ៊ីរ៉ង់) លោក Amir-Abdollahian បានវាយតម្លៃខ្ពស់ចំពោះសុឆន្ទៈរបស់ក្រុងដូហា ដែលនាំឲ្យភាគីពាក់ព័ន្ធទាំងអស់ខិតទៅជិតជំហានចុងក្រោយ ឆ្ពោះទៅរកការឯកភាពគ្នាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។ រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសកាតា លោក Al Thani បានឲ្យដឹងថា អាមេរិកបានផ្ញើសារជាបន្តបន្ទាប់ទៅកាន់កាតាដើម្បីបញ្ជូនទៅកាន់អ៊ីរ៉ង់; ហើយបានកត់សម្គាល់ថា សារទាំងនេះទាក់ទិនដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
អ៊ីរ៉ង់រួមជាមួយមហាអំណាចពិភពលោក (ក្រុម P៥+១ រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានហៅថាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA) នាខែកក្កដា ឆ្នាំ២០១៥។ តាមនោះ អ៊ីរ៉ង់ទទួលយកការរឹតត្បិតមួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្ម។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ កាលពីខែឧសភាឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគីប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ដែលបណ្តាលឱ្យអ៊ីរ៉ង់កាត់បន្ថយការសន្យាមួយចំនួននៅក្នុងកិច្ចព្រមព្រៀងនេះដែរ។ ការចរចាដើម្បីស្តារឡើងវិញ JCPOA បានចាប់ផ្តើមនៅខែមេសាឆ្នាំ ២០២១ នៅទីក្រុងវីយ៉ែន(អូទ្រីស)។ ប៉ុន្តែ មិនទាន់មានជំហានលោតផ្លោះណាមួយ បន្ទាប់ពីការចរចាថ្មីបំផុត នៅខែសីហាឆ្នាំ ២០២២ ឡើយ៕