អ៊ីរ៉ង់បានអះអាងថា នៅតែបើកចំហ "ច្រកទ្វារចរចា" សំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពី ថ្ងៃទី២៦ ខែធ្នូ បានអះអាងថា “ច្រកទ្វារចរចា” សំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅតែបើកចំហពីភាគីអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani។ រូបថត៖ IRNA/TTXVN |
នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍នៅទីក្រុងតេហេរ៉ង់ លោក Kanaani បានសង្កត់ធ្ងន់ថា “កិច្ចព្រមព្រៀងនេះនៅតែស្ថិតក្នុងបាតដៃ” ប្រសិនបើលោកខាងលិចបង្ហាញពីការប្តេជ្ញាចិត្តចាំបាច់ និងលុបចោលបទដាក់ទ័ណ្ឌកម្មទាំងអស់ប្រឆាំងនឹងអ៊ីរ៉ង់។ លោក Kanaani ក៏បានចាត់ទុកថា ទីក្រុងវ៉ាស៊ីនតោនបានបាត់បង់ឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយសារលោកប្រធានាធិបតី Joe Biden ផ្តោតសំខាន់លើការឃោសនាបោះឆ្នោតសម្រាប់គណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតរដ្ឋសភាពាក់កណ្ដាលអាណត្តិនៅអាមេរិក ក្នុងខែវិច្ឆិកាកន្លងទៅ; ហើយបានអះអាងថា សេចក្តីព្រាងកិច្ចព្រមព្រៀងនេះបានត្រៀមជាស្រេចសម្រាប់ចុះហត្ថលេខា ហើយ"គ្រាប់បាល់កំពុងស្ថិតនៅទីលានអាមេរិក" ។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងបរិបទដែលកិច្ចចរចាសំដៅស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (JCPOA) ដែលត្រូវបានចុះហត្ថលេខានាខែកក្កដាឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងក្រុម P5+1 (អាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី អាល្លឺម៉ង់) កំពុងរងការជាប់គាំង។ ឆ្នាំ ២០១៨ អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ដែលបណ្តាលឲ្យអ៊ីរ៉ង់ កាត់បន្ថយការសន្យារបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនេះ។ ការចរចាដើម្បីស្តារឡើងវិញ JCPOA បានចាប់ផ្តើមនៅខែមេសាឆ្នាំ ២០២១ នៅទីក្រុងវីយ៉ែន(អូស្រ្តាលី) ប៉ុន្តែមិនទាន់ទទួលបានជំហានសកម្មណាមួយ បន្ទាប់ពីការចរចានៅដើមខែសីហាកន្លងទៅ។
ឧបសគ្គដ៏ធំបំផុត ដែលបញ្តាលឲ្យភាគីពាក់ព័ន្ធមិនអាចសម្រេចបានកិច្ចព្រមព្រៀងនេះ នៅតែជាការខ្វែងគំនិតជាមូលដ្ឋាន ទាក់ទងនឹងការលុបចោលបទដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់៕