អ៊ីរ៉ង់អាចយល់​ព្រម​លើ​សំណើថ្មីរបស់ EU ដើម្បីស្ដារឡើង​វិញ​ JCPOA

(VOVWORLD) - នៅថ្ងៃទី ១២ ខែសីហា ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីអ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់មួយរូប ដែលបានឲ្យដឹងថា សេចក្តីព្រាង "ចុងក្រោយ" ដែលសហភាពអឺរ៉ុប (EU) បានស្នើឡើងសំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានហៅថាជាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) គឺអាចទទួលយកបាន ប្រសិនបើវាអាចបំពេញតាមតម្រូវការសំខាន់ៗរបស់ទីក្រុងតេហេរ៉ង់។
អ៊ីរ៉ង់អាចយល់​ព្រម​លើ​សំណើថ្មីរបស់ EU ដើម្បីស្ដារឡើង​វិញ​ JCPOA - ảnh 1អ្នកបច្ចេកទេសអ៊ីរ៉ង់ត្រួតពិនិត្យឧបករណ៍នៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Isfahan។ (រូបថត៖ AFP/TTXVN)

អ៊ីរ៉ង់ចង់ទទួលបានការធានាពីសហរដ្ឋអាមេរិកថា គ្មានប្រធានាធិបតីអាមេរិកនាពេលអនាគតណាមួយ នឹងដកខ្លួនចេញពី JCPOA ឡើយ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានស្តារឡើងវិញ។ នៅឆ្នាំ ២០១៨ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពី JCPOA និងដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Joe Biden មិនអាចផ្តល់ការធានាបែបនេះបានទេ ពីព្រោះ JCPOA គឺជាកិច្ចព្រមព្រៀងមានលក្ខណៈនយោបាយ ជាជាងសន្ធិសញ្ញាដែលមានការចាប់បង្ខំផ្លូវច្បាប់។

មុននោះ នាថ្ងៃទី ៨ ខែសីហា តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell ដែលធ្លាប់កាន់តួនាទីជាអ្នកសម្របសម្រួលការចរចា បានឲ្យដឹងថា សេចក្តីព្រាងដែលមាន ២៥ ទំព័រ ត្រូវបានដាក់ជូនដើម្បីប្រទេសពាក់ព័ន្ធនានាធ្វើការសម្រេច។ បន្ទាប់មក អាមេរិកបានប្រកាសពីការត្រៀមខ្លួន "ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស" ដើម្បីស្ដារកិច្ចព្រមព្រៀង JCPOA ឡើងវិញ ដោយផ្អែកលើសំណើរបស់ EU។ អាជ្ញាធរអ៊ីរ៉ង់ក៏បានឲ្យដឹងថា ប្រទេសនេះនឹងជូនដំណឹងដល់សហភាពអឺរ៉ុបអំពីគោលជំហររបស់ទីក្រុងតេហេរ៉ង់បន្ទាប់ពីការពិគ្រោះយោបល់ក្នុងស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ