អឺរ៉ុបចាប់ផ្តើមដំណើរការដោះស្រាយជម្លោះនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
(VOVWORLD) - នាថ្ងៃទី ១៤ ខែមករា ប្រទេសអឺរ៉ុបចំនួន ៣ រួមមានអង់គ្លេស បារាំងនិងអាល្លឺម៉ង់ បានប្រកាសអនុវត្តន៍យន្តការដោះស្រាយជម្លោះ ដោយយោងតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ រវាងក្រុម P5+1 (រួមមានអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិននិងអាឡឺម៉ង់) ជាមួយអ៊ីរ៉ង់បន្ទាប់ពីទីក្រុងតេហេរ៉ង់បានរំលោភកិច្ចព្រមព្រៀងម្តងហើយម្តងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអឺរ៉ុបចំនួន ៣ បានចាត់ទុកថា អ៊ីរ៉ង់បានកែសម្រួលដោយឥតឈប់ឈរការសន្យាដែលត្រូវបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងនិងរំលោភលើដែនកំណត់សំខាន់ៗនៃកម្មវិធីនុយ ក្លេអ៊ែររបស់ខ្លួនចាប់តាំងពីខែឧសភាឆ្នាំ ២០១៩។ ប្រទេសទាំងបីនេះបានអះអាងថា នៅតែគោរពតាមការសន្យានៅក្នុងកិច្ចព្រមព្រៀងនេះ ហើយបានបង្ហាញនូវការ ប្តេជ្ញាចិត្តធ្វើការជាមួយភាគីនៅសេសសល់ទាំងអស់ដើម្បីការពារកិច្ចព្រមព្រៀង។ ប្រទេសទាំងបីនេះសង្ឃឹមថា នឹងនាំអ៊ីរ៉ង់វិលត្រឡប់មកប្រតិបត្តិការសន្យាយ៉ាងពេញលេញ ក្នុងផែនការសកម្មភាពដ៏ទូលំទូលាយរួម (JCPOA)។ អង់គ្លេស បារាំងនិងអាល្លឺម៉ង់នឹងមិនចូលរួមក្នុងយុទ្ធនាការបង្កើនសម្ពាធអតិបរិមាលើអ៊ីរ៉ង់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump។
មានប្រតិកម្មភ្លាមមួយរំពេកៗបន្ទាប់ពីការប្រកាសរបស់អង់គ្លេស បារាំងនិងអាឡឺម៉ង់ នាថ្ងៃដដែលនោះ អ៊ីរ៉ង់បាននាំចេញការព្រមានអំពីផលវិបាកនៃការសម្រេចចិត្តអនុវត្តន៍យន្តការដោះស្រាយជម្លោះ សំដៅទៅលើទីក្រុងតេហេរ៉ង់តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៥។ ទន្ទឹមនឹងនោះ ប្រទេសនេះបានច្រានចោលការសម្រេចចិត្តនេះ ដោយហៅវាថាជាសកម្មភាព “អវិជ្ជមាន”។ ទោះ ជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បានអះអាងថា ប្រទេសនេះនៅតែត្រៀមខ្លួនជាស្រេចដើម្បីគាំទ្ររាល់សកម្មភាពសុឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងដោយមានលក្ខណៈស្ថាបនាដើម្បីការពារកិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់នេះផង៕