អាល្លឺម៉ង់ និងអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអាកាសធាតុនិងថាមពល
(VOVWORLD) - សេចក្តីថ្លែងការណ៍រួមនេះត្រូវបានចុះហត្ថលេខាដោយបេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាកាសធាតុ លោក John Kerry និងរដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុរបស់អាល្លឺម៉ង់ លោក Robert Habeck ។
អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការអាកាសធាតុ និងថាមពល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៧ ឧសភា ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុអាល្លឺម៉ង់បានលើកច្បាស់ថា ទំនាក់ទំនងភាពជាដៃគូនេះគឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងការពន្លឿនសកម្មភាពអាកាសធាតុ ការអភិវឌ្ឍន៍ បច្ចេកវិទ្យាដើម្បីពន្លឿនដំណើរការបម្លែងថាមពល ហើយពង្រឹងសន្តិសុខថាមពល។ សេចក្តីថ្លែងការណ៍រួមនេះត្រូវបានចុះហត្ថលេខាដោយបេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាកាសធាតុ លោក John Kerry និងរដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុរបស់អាល្លឺម៉ង់ លោក Robert Habeck ។ លោក Kerry មានវត្តមាននៅទីក្រុងប៉ែកឡាំងដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ (G7) ស្តីពីការការពារអាកាសធាតុ ថាមពល និងបរិស្ថាន។ ប្រទេសអាឡឺម៉ង់bបានដាក់ចេញគោលដៅសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៤៥ ពោលគឺ ៥ ឆ្នាំលឿនជាងគោលដៅមុននោះរបស់រដ្ឋាភិបាល។ ក្នុងពេលជាមួយគ្នានោះ សហរដ្ឋអាមេរិកក៏កំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅដូចគ្នានៅត្រឹមឆ្នាំ២០៥០ផងដែរ៕