អាល្លឺម៉ង់ផ្តល់វ៉ាក់សាំងការពារសម្រាប់វៀតណាម
(VOVWORLD) - នៅថ្ងៃទី ៣ ខែកញ្ញា រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចចិត្តផ្តល់វ៉ាក់សាំង Astra Zeneca ប្រមាណ ២,៥ លានដូសដើម្បីជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។
មុននេះ រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានប្រកាសផ្តល់ឱ្យវៀតណាមនូវឧបករណ៍វេជ្ជសាស្រ្តមួយជើង រួមមានម៉ាស៊ីនជំនួយដង្ហើម ៧៥ គ្រឿង ម៉ូនីទ័រព្យាបាល ១៥ គ្រឿងនិងប្រដាប់វាស់អុកស៊ីសែនចំនួន ២០.០០០ គ្រឿង។ ទាំងអស់នេះគឺជាជំនួយដ៏មានតម្លៃនិងទាន់ពេលវេលាដែលបង្ហាញពីសាមគ្គីភាពរបស់រដ្ឋាភិបាលនិងប្រជាជនអាល្លឺម៉ង់ចំពោះវៀតណាមក្នុងគ្រាលំបាកនិងជាសក្ខីភាពដ៏រស់រវើកចំពោះភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - អាល្លឺម៉ង់ដែលកំពុងស្ថិតក្នុងឆ្នាំទី ១០ (ខែតុលា ២០១១ - ខែតុលា ២០២១)។
ទន្ទឹមនឹងនេះដែរ នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានដឹកជញ្ជូនឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ចំនួន ១៨០.០០០ ឈុត ពីអាល្លឺម៉ង់មកវៀតណាម។ នេះគឺជាការដឹកជញ្ជូនលើកទី ៣ ក្នុងចំណោមឧបករណ៍ធ្វើតេស្ត៍រហ័សចំនួន ១ លាន ដែលរដ្ឋាភិបាលនិងប្រជាជននៃរដ្ឋចំនួន ១៦ ក្នុងប្រទេសអាល្លឺម៉ង់បានផ្តល់ឱ្យវៀត ណាមដើម្បីជួយឧបត្ថម្ភដល់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត៕