អូស្ត្រាលី និងអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខនាវាចរណ៍​

(VOVWORLD) - រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃទី ៤ ខែមីនា បានប្រកាសនឹងផ្តល់ជំនួយហិរញ្ញវត្ថុជិត ៤២ លានដុល្លារអាមេរិក ដើម្បីជួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍បង្កើនសន្តិសុខនាវាចរណ៍ ក្នុងបរិបទដែលភាគីទាំងពីរកំពុងរៀបចំកិច្ចប្រជុំកំពូលដើម្បីអបអរសាទរខួប ៥០ ឆ្នាំនៃទំនាក់ទំនងរវាងភាគីទាំងពីរ (១៩៧៤-២០២៤)។

សេចក្តីប្រកាសផ្តល់ជំនួយ ៦៤ លានដុល្លាអូស្ត្រាលី (ជិត ៤២លានដុល្លារអាមេរិក) ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅក្នុងសិក្ខាសាលាមួយនៅវិទ្យាស្ថាននាវាចរណ៍ក្នុងទីក្រុង Melbourne (អូស្ត្រាលី)។ ជាក់ស្តែង ចំនួនទឹកប្រាក់ជិត ៤២ លានដុល្លារអាមេរិកខាងលើ នឹងត្រូវបានបែងចែកក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដែលក្នុងនោះ ប្រមាណ ៤០ លាន AUD (ជាង ២៦ លានដុល្លារអាមេរិក) ត្រូវបានលៃទុកឲ្យការពង្រឹងភាពជាដៃគូដែនសមុទ្ររវាងអូស្ត្រាលី និងសមាគមអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយទឹកប្រាក់ដែលសេសសល់គឺដើម្បីគាំទ្រដល់អាទិភាពនាវាចរណ៍នៃបណ្តាប្រទេសអាស៊ាន។ យោងតាមលោកស្រី Penny Wong បានឲ្យដឹងថា ក្នុងបរិបទនៃភាពតានតឹងនិងជម្លោះភូមិសាស្ត្រនយោបាយបានផ្ទុះឡើងក្នុងតំបន់ជាច្រើននៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងអូស្ត្រាលី និងអាស៊ានមានសារៈសំខាន់ណាស់ក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ “យើងទាំងអស់គ្នាដឹងថា បើកើតមានជម្លោះដ៏ធំមួយនៅក្នុងតំបន់នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងសហគមន៍ ដូចដែលជម្លោះនៅក្នុងតំបន់ហ្គាហ្សានិងអ៊ុយក្រែនបានបង្ហាញ។ ដូច្នេះហើយ យើងទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការរៀបចំតំបន់មួយដែលដែលយើងចែករំលែកសន្តិភាព ស្ថិរភាព វិបុលភាព តុល្យភាព ដែលប្រទេសទាំងអស់អាចប្រដេញតាមបំណងប្រាថ្នារបស់ខ្លួន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ