អូស្ត្រាលី អាមេរិក និងជប៉ុន ប្រឆាំងជំទាស់នឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិនៅសមុទ្រខាងកើត
(VOVWORLD) - ប្រទេសទាំងបីបានអះអាងសារជាថ្មីថា សាលក្រមរបស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (ហូឡង់) ស្តីពីសមុទ្រខាងកើត “គឺជាសេចក្តីសម្រេចចុងក្រោយ និងស្របច្បាប់ចំពោះភាគីជម្លោះ”។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles, រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិជប៉ុន Kishi Nobuo (ប្រភព៖ The Jiji Press) |
នៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចសន្ទនា Shangri-La ឆ្នាំ ២០២២ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីបានចេញសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួមឆ្នាំ ២០២២ ក្នុងនោះប្រឆាំងជំទាស់នឹងអាកប្បកិរិយា “ដើរផ្ទុយនឹងច្បាប់អន្តរជាតិ” នៅសមុទ្រខាងកើត ជាពិសេសខ្លឹមសារដែលបានឆ្លុះបញ្ចាំងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
សេចក្តីថ្លែងការណ៍បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនៅប្រទេសសិង្ហបុរី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Kishi Nobuo និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើត ហើយបានបញ្ចេញប្រតិកម្មប្រឆាំងជំទាំស់នឹងរាល់ការប៉ុនប៉ង់ណាមួយដោយឯកតោភាគី ដើម្បីកែប្រែ ឬបង្កើនឥទ្ធិពលលើស្ថានភាពបច្ចុប្បន្ននៅសមុទ្រខាងកើត តាមរយៈការធ្វើយោធូបនីយកម្ម និងសកម្មភាពនៃការបង្ខិតបង្ខំ ឬការបំភិតបំភ័យ។ ប្រទេសទាំងបីបានអះអាងសារជាថ្មីថា សាលក្រមរបស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ (ហូឡង់) ស្តីពីសមុទ្រខាងកើត “គឺជាសេចក្តីសម្រេចចុងក្រោយ និងស្របច្បាប់ចំពោះភាគីជម្លោះ”៕