អូស្ត្រាលីនិងអង្គការយូនីសេហ្វ (UNICEF) បន្តជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៤,២ លានដូស
(VOVWORLD) - មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ នាថ្ងៃទី ២៤ តុលា បានឲ្យដឹងថា៖ អង្គការនេះសហការជាមួយរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ Pfizer-BioNTech បន្ថែមចំនួន ៤,២ លានដូស សម្រាប់វៀតណាមក្នុងកម្មវិធីសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។
ក្នុងនោះ វ៉ាក់សាំងចំនួន ៣លានដូសសម្រាប់មនុស្សពេញវ័យ ត្រូវបានបញ្ជូនទៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ក្នុងខែកញ្ញា ហើយវ៉ាក់សាំងបន្ថែម ១,២លានដូស សម្រាប់កុមារ ត្រូវបានបញ្ជូនទៅទីក្រុងហាណូយ នៅថ្ងៃទី២៤ ខែតុលា។ មកទល់នឹងពេលនេះ រដ្ឋាភិបាលអូស្ត្រាលីបានជួយឧបត្ថម្ភវ៉ាក់សាំងបង្កាកូវីដ ១៩ ជាង ២៦លានដូស សម្រាប់វៀតណាម។ អូស្ត្រាលី និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិក៏បានប្រគល់រថយន្តដឹកទំនិញក្លាសេចំនួន ៥ គ្រឿង ដល់វិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតនៅទីក្រុងហាណូយ វិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងហូជីមិញ វិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុង Nha Trang និងវិទ្យាស្ថានអនាម័យ និងរោគរាតត្បាតតំបន់ Tay Nguyen នៅ Dak Lak។ ឡានដឹកទំនិញក្លាសេទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់ឱ្យដំណើរការវ៉ាក់សាំងកូវីដ ១៩ និងកម្មវិធីចាក់វ៉ាក់សាំងជាប្រចាំ ដើម្បីធានាថា ការដឹកជញ្ជូនវ៉ាក់សាំងទូទាំងប្រទេសប្រកបដោយមានប្រសិទ្ធភាព និងសុវត្ថិភាព ។ លើសពីនេះ រដ្ឋាភិបាលអូស្ត្រាលីក៏បានជួយដល់វៀតណាមក្នុងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងធ្វើយុទ្ធនាការទំនាក់ទំនងទៅកាន់តំបន់ដាច់ស្រយាល នៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវចំនួនប្រជាជនដែលងាយរងគ្រោះបំផុតមិនត្រូវទុកចោលនៅក្រោយឡើយ៕