អូស្ត្រាលីបង្កើនដើមទុន ODA ចំនួន ១៨% សម្រាប់វៀតណាមក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣
(VOVWORLD) - ឯកអគ្គរដ្ឋទូត លោក Andrew Goledzinowski បានអះអាងថា អូស្ត្រាលីចាត់ទុកវៀតណាមជាដៃគូជិតស្និទ្ធ មានលក្ខណៈយុទ្ធសាស្ត្រ និងជាមិត្តល្អ។
ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ១៤ ខែមិនា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយឯកអគ្គ រដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម - អូស្ត្រាលី (២៦ កុម្ភៈ ១៩៧៣-២៦ កុម្ភៈ ២០២៣) ក្នុងឆ្នាំនេះ ដែលក្នុងនោះ មានការរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូរវាងប្រទេសទាំងពីរនាពេលខាងមុខ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Andrew Goledzinowski បានអះអាងថា អូស្ត្រាលីចាត់ទុកវៀតណាមជាដៃគូជិតស្និទ្ធ មានលក្ខណៈយុទ្ធសាស្ត្រ និងជាមិត្តល្អ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា អូស្ត្រាលីបានសម្រេចចិត្តបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ចំនួន ១៨% សម្រាប់វៀតណាមក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ ឡើងដល់ ៩២,៨ លាន AUD ដោយសង្ឃឹមថា នឹងមានគម្រោងជាច្រើនទៀត ត្រូវបានសាងសង់នៅប្រទេសវៀតណាម៕