អូស្ត្រាលីបន្តរួមដំណើរជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
អូស្ត្រាលីបន្តរួមដំណើរជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne 

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានក្ដីសង្ឃឹមថា អូស្ត្រាលីនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ការស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាលើកកម្ពស់សមត្ថភាពសុខាភិបាល ឆ្លើយតបនឹងជំងឺរាតត្បាតនាពេលខាងមុខ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ បណ្តុះបណ្តាលប្រភពធនធានមនុស្សប្រកបដោយគុណភាព។  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីអូស្ត្រាលីបន្តផ្ដល់សាជំនួយអភិវឌ្ឍន៍ជាផ្លូវការសម្រាប់វៀតណាម និងពិចារណាបើកទីផ្សារសម្រាប់កសិផល ជលផលនាំចេញមួយចំនួនរបស់វៀតណាម ក៏ដូចជាពិចារណាអនុវត្តន៍កម្មវិធីទិដ្ឋាការកសិកម្មសម្រាប់ពលករវៀតណាម; លើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរវិនិយោគ និងធ្វើអាជីវកម្ម។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអូស្ត្រាលីបន្តជួយសម្រួលដល់សហគមន៍ជនវៀតណាមនៅអូស្ត្រាលីក្នុងការរស់នៅ ធ្វើការ និងសម្របខ្លួនជាមួយសហគមន៍ជាដើម។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានអះអាងថា អូស្ត្រាលីគោរព ហើយចាត់ទុកវៀតណាមជាអាទិភាពចម្បងមួយក្នុងបញ្ហាជាច្រើន ដូចជា៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកាត់បន្ថយភាពក្រីក្រ និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោកស្រីមានបំណងចង់លើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ
ជាមួយវៀតណាមនាពេលខាងមុខ។ ទន្ទឹមនឹងនេះ លោកស្រីបានអះអាងថា អូស្ត្រាលីបានវាយតំលៃខ្ពស់ចំពោះគោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើត គាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លោកស្រីរដ្ឋមន្ត្រី Marise Payne បានឲ្យដឹងថា អូស្ត្រាលីនឹងបន្តផ្ដល់វ៉ាក់សាំង បង្ការកូវីដ ១៩ ចំនួន ២,៦ លានដូសបន្ថែមទៀតជូនវៀតណាមដែលនាំឱ្យចំនួនវ៉ាក់សាំងសរុបជូនវៀតណាមដល់ជាង ៧,៨ លានដូស។

ភាគីទាំងពីរបានឯកភាពបន្តរក្សា និងជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; អនុវត្តន៍យន្តការសហប្រតិបត្តិការដែលមានស្រាប់; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីធ្វើសកម្មភាពរវាងវៀតណាម - អូស្ត្រាលី ដំណាក់កាល ២០២០-២០២៣ និងយុទ្ធសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម - និងអូស្ត្រាលី (EEES) សំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដង ក៏ដូចជានាំប្រទេសទាំងពីរឲ្យក្លាយទៅជាដៃគូពាណិជ្ជកម្មរបស់គ្នាទៅវិញទៅមកក្នុងចំណោមដៃគូពាណិជ្ជកម្មជួរមុខទាំង ១០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ