អូស្ត្រាលីមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) - បច្ចុប្បន្ននេះ អូស្ត្រាលីមានពលរដ្ឋអូស្ត្រាលីដើមកំណើតវៀតណាមជាង ៣ សែននាក់ ហើយភាសាវៀតណាមគឺជាភាសាដែលនិយាយច្រើនជាងគេលំដាប់ទី ៥ នៅក្នុងគ្រួសាររបស់អូស្ត្រាលី។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA មុនដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ មិថុនា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានអះអាងថា ប្រទេសទាំងពីរកំពុងមានទំនាក់ទំនងភាពជាដៃគូយ៉ាងស្វាហាប់ដោយផ្អែកលើទំនាក់ទំនងសហគមន៍ និងសហគ្រាសដ៏រឹងមាំ ហើយអូស្ត្រាលីមានបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម។ រដ្ឋមន្ត្រីការបរទេសលោកស្រី Wong បានចាត់ទុកថា ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅពិធីរំលឹកខួបលើកទី ៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតនោះ អូស្ត្រាលី និងវៀតណាមមានទំនាក់ទំនងភាពជាដៃគូយ៉ាងស្វាហាប់ដែលគាំទ្រដោយទំនាក់ទំនង អាជីវកម្ម និងសហគមន៍ដ៏ខ្លាំងក្លា។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ រដ្ឋមន្ត្រីការបរទេសលោកស្រី Wong នឹងជួបជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទាំងនេះ។

យោងតាមរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានឲ្យដឹងថា ប្រទេសទាំងពីរកំពុងរួមគ្នាចែករំលែកគោលដៅប្រកបដោយមហិច្ឆិតា ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ អូស្ត្រាលី និងវៀតណាមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។ រហូតមកដល់ពេលនេះ អូស្ត្រាលីបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាង ២២ លានដូសដល់វៀតណាម ដែលជាចំនួនវ៉ាក់សាំងដ៏ធំបំផុតដែលអូស្ត្រាលីបានផ្តល់ដល់ប្រទេសដៃគូ។ លោកស្រី Wong បញ្ជាក់ថា ភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺផ្អែកលើទំនាក់ទំនងគ្រួសារ និងសហគមន៍។ បច្ចុប្បន្ននេះ អូស្ត្រាលីមានពលរដ្ឋអូស្ត្រាលីដើមកំណើតវៀតណាមជាង ៣ សែននាក់ ហើយភាសាវៀតណាមគឺជាភាសាដែលនិយាយច្រើនជាងគេលំដាប់ទី ៥ នៅក្នុងគ្រួសាររបស់អូស្ត្រាលី។

ដំណើរទស្សនកិច្ចរបស់លោកស្រី Penny Wong មកកាន់វៀតណាមធ្វើឡើងមួយខែបន្ទាប់ពីលោកស្រីបានចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ