អាស៊ាន អូស្ត្រាលី ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
(VOVWORLD) - នាថ្ងៃទី ៣ ខែមីនា ក្នុងកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីអាស៊ាន-អូស្ត្រាលី នៅទីស្នាក់ការលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី ភាគីទាំងពីរបានអះអាងឡើងវិញនូវការប្តេជ្ញា ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
អូស្ត្រាលីបានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ាន ជួយឧបត្ថម្ភការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ និងគាំទ្រមជ្ឈភាពរបស់អាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងយន្តការដឹកនាំដោយអាស៊ាន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍកម្មវិធី និងសកម្មភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ស្របតាមតម្រូវការក្នុងតំបន់ និងវិស័យអាទិភាព ក្នុងនោះរួមទាំងវិស័យនានាដែលបានគូសបញ្ជាក់នៅក្នុងចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥ផងដែរ។ នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរក៏បានពិនិត្យការអនុវត្តផែនការសកម្មភាពអាស៊ាន-អូស្ត្រាលីដំណាក់កាល ២០២០-២០២៤ និងបានឯកភាពប្រារព្ធខួបលើកទី៥០នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អូស្ត្រាលី នៅឆ្នាំ២០២៤៕