អាស៊ាន ២០២០៖ រុស្ស៊ីគាំទ្រ “សេចក្តីប្រកាសទីក្រុងហាណូយ”
(VOVWORLD) - លោកប្រធានាធិបតី Putin បានបញ្ជាក់ថា៖ “ខ្ញុំយល់ស្របនឹងគំនិតគន្លឹះដែលមានចែងនៅក្នុង “សេចក្តីប្រកាសទីក្រុងហាណូយ” គឺប្រទេសនានាត្រូវការកិច្ចសហប្រតិបត្តិការប្រកបដោយសុខដុមរមនា ដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN) |
អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅទីក្រុងមូស្គូបានរាយការណ៍ ថា អញ្ជើញថ្លែងនៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី ១៥ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ EAS នៅក្នុងបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងសម្តែង នូវការគាំទ្រចំពោះខ្លឹមសារសំខាន់ នៃ “សេចក្តីប្រកាសទីក្រុងហាណូយ”។
យោងតាមមេដឹកនាំរុស្ស៊ីរូបនេះ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានបង្ហាញថា នេះគឺជាវេទិកាដ៏មានកិត្យានុភាពមួយសម្រាប់ពិភាក្សាអំពីបញ្ហាបន្ទាន់ដែលទាក់ទងដោយផ្ទាល់ ជាមួយតំបន់អាស៊ី - ប៉ាស៊ីហ្វិកទាំងមូល ក៏ដូចជា ជាកន្លែងសម្រាប់ស្វែងរកដំណោះស្រាយចំពោះបញ្ហាអន្តរ ជាតិដែលជាបញ្ហាប្រឈមមុខយ៉ាងខ្លាំងបំផុត។ លោកប្រធានាធិបតី Putin បានបញ្ជាក់ ថា៖ “ខ្ញុំយល់ស្របនឹងគំនិតគន្លឹះដែលមានចែងនៅក្នុង “សេចក្តីប្រកាសទីក្រុងហាណូយ” នោះ គឺប្រទេសនានាត្រូវការកិច្ចសហប្រតិបត្តិការប្រកបដោយសុខដុមរមនា ដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។
ទន្ទឹមជាមួយគ្នានោះ ការណ៍ដែលសំខាន់បំផុតគឺត្រូវធ្វើសកម្មភាពដោយឈរលើគោលការណ៍គោរពច្បាប់អន្តរជាតិ ដោយគិតពីផលប្រយោជន៍របស់គ្នាទៅវិញទៅមកនិងធានានូវសន្តិសុខស្មើភាពនិងគ្មានការបែងចែក”។ លោកប្រធានាធិបតី Putin មានប្រសាសន៍ថា អនាគតនៃតំបន់អាស៊ី - ប៉ាស៊ីហ្វិកពឹងផ្អែកលើសាមគ្គីភាពរបស់ប្រទេសនានាចំពោះមុខរាល់បញ្ហាប្រឈមនិងការគំរាមកំហែងនានាដែលកំពុងកើតឡើង ហើយរុស្ស៊ីត្រៀមជាស្រេច ចូលរួមវិភាគទានដល់ការងាររួមទាំងនោះ៕