អាស៊ាន ២០២០៖ សេចក្តីថ្លែងការណ៍នៃប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦
(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីសម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៦ ខែមិថុនា តាមរយៈប្រព័ន្ធវិដេអូដោយទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ ក្នុងនាមជាប្រ ធានអាស៊ាន ២០២០ វៀតណាមបានចេញសេចក្តីថ្លែងការណ៍ នៃប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដោយមានខ្លឹមសារសំខាន់ៗមួយចំនួន។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ អញ្ជើញថ្លែងសន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (រូបថតៈ TTXVN) |
យោងតាមសេចក្តីថ្លែងការណ៍ប្រធាន ក្រុមមេដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើការពង្រឹងសាមគ្គីភាព កិច្ច សហប្រតិបត្តិការនិងឯកភាព ធ្វើសមាហរណកម្មសេដ្ឋកិច្ច បង្កើនការយល់ដឹងនិងអត្តសញ្ញាណអាស៊ាន ក៏ដូចជា បង្កើនសមត្ថភាពឆ្លើយតបរបស់អាស៊ាន។ ថ្នាក់ដឹកនាំបានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការរក្សារចនាសម្ព័ន្ធតំបន់បើកចំហរ តម្លាភាព ផ្អែកលើច្បាប់ ហើយអាស៊ានដែលដើរតួនាទីជាមជ្ឈភាព ព្រមទាំងបានឯកភាព ជំរុញភាពស្អិតរមួតរវាងយន្តការសហប្រតិបត្តិការដឹកនាំដោយអាស៊ាន។
ដោយទទួលយករាល់អាទិភាពសំខាន់ៗនៅឆ្នាំ ២០២០ មេដឹកនាំអាស៊ានបានអនុម័តលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីអាស៊ានដែលមានភាពស្អិតរមួតនិងមានការឆ្លើយតបយ៉ាងសកម្ម ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្លាំងក្លារបស់អាស៊ាន ដើម្បីរក្សាសាមគ្គីភាព និងបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការចាប់យកកាលានុវត្តន៍ភាពនិងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។
ទាក់ទងនឹងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំនៃប្រទេសអាស៊ានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងគ្រឿង ញៀន។ ថ្នាក់ដឹកនាំបានស្នើឱ្យមានការចូលរួមពីសសរស្តម្ភទាំង ៣ ក្នុងការគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់ទីម័រខាងកើតនិងឆាប់វាយតម្លៃលើពាក្យសូមចូលរួមជាសមាជិកអាស៊ានរបស់ទីម័រខាងកើតផងដែរ។
ទាក់ទងនឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន អ្នកដឹកនាំទាំងអស់បានប្តេជ្ញា ធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តុល្យភាពនិងការពារសេដ្ឋកិច្ចចំពោះមុខហានិភ័យនិងអស្ថិរភាពពិភពលោក។ ម្យ៉ាងវិញទៀត ប្តេជ្ញារក្សាទីផ្សារបើកចំហដោយសម្របសម្រួលក្នុងការអនុវត្តវិធានការណ៍ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺរាតត្បាត COVID-19។ ថ្នាក់ដឹកនាំអាស៊ានក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនពាណិជ្ជកម្មនិងការវិនិយោគក្នុងអាស៊ាន រួមទាំងតួនាទីសំខាន់របស់វិស័យឯកជនក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាត។
ទាក់ទងនឹងសហគមន៍វប្បធម៌-សង្គមអាស៊ាន មេដឹកនាំទាំងអស់បានប្តេជ្ញា កសាងសហគមន៍អាស៊ាន ដែលមានភាពស្អិតរមួតជាង នាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនអាស៊ាន ដោយមិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។
ទាក់ទងនឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ជាមួយដៃគូខាងក្រៅនិងអង្គការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមបណ្តាលដោយជំងឺរាតត្បាត COVID-19និងស្ថានភាពបន្ទាន់អំពីសុខភាពសាធារណៈផ្សេងទៀត។
ចំពោះបញ្ហាក្នុងតំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំបានបញ្ជាក់ពីសារសំខាន់នៃការថែរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត និងធានាថា សមុទ្រខាងកើត ជាតំបន់សមុទ្រសន្តិភាព ស្ថិរភាពនិងវិបុលភាព។ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ DOC និងកសាង COC ប្រកបដោយលក្ខណៈជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ៕