អាស៊ានគាំទ្រគោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើត
(VOVWORLD) - នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា នារសៀលថ្ងៃទី ៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានខុទ្ធកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានជម្រាបជូននូវលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ ដែលប្រារព្ធនៅទីក្រុងបាងកក ប្រទេសថៃ។
ទិដ្ឋភាពនៃកិច្ចប្រជុំប្រចាំខែតុលា |
យោងតាមលោករដ្ឋមន្ត្រី នេះគឺជាកិច្ចប្រជុំមានសារសំខាន់ចំពោះអាស៊ាននិយាយរួមនិងវៀតណាមនិយាយដោយឡែក។ លោក Mai Tien Dung អញ្ជើញមានប្រសាសន៍ថា៖ “កិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់ដោយជោគជ័យ ដែលនាំមកនូវប្រសិទ្ធភាពនិងកិត្យានុភាពសម្រាប់ទាំងអាស៊ាននិងវៀតណាម។ នេះជាជ័យជំនះការទូត ជាពិសេស មានប្រទេសជាច្រើនបានគាំទ្រគោលជំហរសុចរិតរបស់វៀតណាម ចំពោះបញ្ហាសមុទ្រខាងកើត។ នៅក្នុងបណ្តាព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅក្នុងកិច្ចប្រជុំ ជាពិសេសគឺជំនួបជាមួយភាគីចិននោះ ភាគីវៀតណាមបានបញ្ជាក់យ៉ាងច្បាស់នូវទស្សនៈរបស់ខ្លួន ពោលគឺ វៀតណាមមានការប្តេជ្ញា ការពារយ៉ាងខ្ជាប់ខ្ជូននូវអធិបតេយ្យភាពទឹកដីនិងសមុទ្ររួមទាំងកោះរបស់ខ្លួនតាមច្បាប់អន្តរជាតិ។ លើសពីនេះទៅទៀត វៀត ណាមប្តេជ្ញាក្នុងការការពារច្បាប់អន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត”។
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតផងដែរ ចំពោះមុខការដែលផែនទីមានរូបអណ្តាត គោរបស់ចិន មានវត្តមាននៅក្នុងផលិតផលនាំចូលមួយចំនួន ដូចជា ភាពយន្ត សម្ភារៈសិក្សានិងគ្រឿងបន្លាស់រថយន្តនៅវៀតណាមនោះ ក្នុងសន្និសីទកាសែតនេះ ថ្នាក់ដឹកនាំនៃក្រសួងនិងស្ថាប័នមួយចំនួន បានអោយដឹងថា នឹងបញ្ជាណែនាំអោយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញនូវខ្លឹមសារ ការបោះពុម្ពផ្សាយ ការផ្តល់អាជ្ញាប័ណ្ណក៏ដូចជាមានឧបករណ៍ទំនើបៗ បន្ថែមទៀតដើម្បីបម្រើការត្រួតពិនិត្យជាដើម។ ក្រៅពីនោះ គឺណែនាំឱ្យប្រជាជនកុំប្រើផលិតផលនាំចូលពីបរទេស ដែលបំពានច្បាប់ របស់វៀតណាម។
ទាក់ទងនឹងពលករវៀតណាមដែលចេញទៅធ្វើការនៅក្រៅប្រទេសនោះ រដ្ឋមន្ត្រីក្រ សួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung បានបញ្ជាក់ថាប្រភេទបទឧក្រិដ្ឋនៃការជួញដូរមនុស្សនិងការធ្វើចំណាកស្រុកខុសច្បាប់គឺខុសពីការរៀបចំពលកម្មទៅធ្វើការនៅបរទេស។ ការរៀបចំពលករធ្វើការនៅក្រៅប្រទេស ត្រូវអនុវត្តតាមច្បាប់ស្តីពីជនជាតិវៀតណាមដែលទៅធ្វើការនៅក្រៅប្រទេស តាមកិច្ចសន្យា។ លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ថា អ្នកដែលមានគម្រោងទៅធ្វើការនៅក្រៅប្រទេសគួរតែដើរតាមផ្លូវច្បាប់អោយបានត្រឹមត្រូវ៕