អាស៊ាននិងដៃគូនានាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ
(VOVWORLD) - នាថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងបាងកក នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសសមាជិកអាស៊ាន និងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិក។
អាស៊ាននិងដៃគូនានាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ (រូបថត៖ TTXVN) |
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្រ្តីការពារជាតិអាស៊ាន រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Taro Kono បានអះអាងថា ជប៉ុនគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ ហើយជប៉ុនសន្យាជួយគាំទ្រអាស៊ានក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហើយនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃ“ ចក្ខុវិស័យវៀងចន្ទន៍” ដែលត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ។ បណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ានមានបំណងចង់ឲ្យជប៉ុននឹងបន្ត រួមចំណែកក្នុងការបង្កើនសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្រ្តីការពារជាតិអាស៊ាន រដ្ឋមន្ត្រីការ ពារជាតិចិន លោក Wèi Fènghé បានអះអាងថាចិនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ បណ្តារដ្ឋមន្រ្តីការពារជាតិ អាស៊ានបានអបអរសាទរចំពោះដំណើរការនៃកិច្ចចរចារស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)ដែលទទួលបានលទ្ធផលវិជ្ជមានមួយចំនួនផងដែរ។
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកជំហរដោយផ្អែកលើការគោរពអធិបតេយ្យភាពរបស់ប្រទេសទាំងតូចឬធំ ក៏ដូចជាគោរពច្បាប់អន្តរជាតិផងដែរ៕