អាស៊ានប្តេជ្ញាបន្តពង្រឹងសាមគ្គីភាពនិងឯកភាពក្នុងប្លុក
(VOVWORLD) - នាថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានអាស៊ាន ឆ្នាំ ២០២៣ បានអះអាងពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការបន្តពង្រឹងសាមគ្គីភាពនិងឯកភាពក៏ដូចជាការពង្រឹងមជ្ឈភាពរបស់ប្លុកនេះ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ថ្លែងនៅពីធីទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសដែលចូលរួម AMM-៥៦។ ប្រភព៖ ANTARA
|
ថ្លែងមតិនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (AMM ៥៦) និងសន្និសីទពាក់ព័ន្ធនោះ លោកប្រធានាធិបតី Joko Widodo បានសង្កត់ធ្ងន់ថា អាស៊ាននឹងមិនក្លាយជា “សង្វៀនប្រកួតប្រជែង” ឬកម្លាំងតួអង្គតំណាងរបស់ប្រទេសណាមួយឡើយ ហើយលោកអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន។ អាស៊ានមានសក្ដានុពលធំធេងដើម្បីក្លាយជាមជ្ឈមណ្ឌលកំណើនពិភពលោក ទាំងកម្លាំងពលកម្មនិងធនធានធម្មជាតិដ៏ធូរធា។ មេដឹកនាំឥណ្ឌូណេស៊ីបានបង្ហាញជំនឿជាក់ថា ការចូលរួមរបស់បណ្តាប្រទេសក្នុង AMM-៥៦ គឺសំដៅស្វែងរកដំណោះស្រាយសម្រាប់បញ្ហាក្នុងតំបន់ និងពិភពលោក។
ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តិទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូ។ ព្រឹត្តិការណ៍នេះមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួន១៨ ដើម្បីពិភាក្សានិងបង្រួបបង្រួមកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងរវាងអាស៊ានជាមួយប្រទេសដទៃទៀតលើវិស័យជាច្រើន៕