អ៊ីស្រាអែលជំរុញខ្លាំអ​យុទ្ធនាការវាយប្រហារទៅលើតំបន់ហ្គាហ្សា; អង្គការសហប្រជាជាតិអំពាវនាវឲ្យមានការធានាជំនួយមនុស្សធម៌

(VOVWORLD) - កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី ២៤ ខែតុលា បានបន្តជំរុញយុទ្ធនាការវាយប្រហារដោយកងទ័ពជើងអាកាស និងកាំភ្លើងធំទៅលើគោលដៅនានាក្នុងតំបន់ហ្គាហ្សា។ យោងតាមសេចក្តីជូនដំណឹងរបស់កងទ័ពអ៊ីស្រាអែលបានឱ្យដឹងថា គោលដៅជាង ៤០០ នៃចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សា ត្រូវបានបំផ្លាញនៅថ្ងៃនេះ។ 

ក្នុងពេលជាមួយគ្នានោះ ប្រភពព័ត៌មានសុខាភិបាលរបស់ប៉ាឡេស្ទីនបានកត់ត្រាចំនួនអ្នកស្លាប់ជិត ៣០០ នាក់ និងរងរបួសប្រមាណ ៥០០ នាក់ផ្សេងទៀតនៅក្នុងការវាយប្រហារថ្មីបំផុតរបស់កងទ័ពអ៊ីស្រាអែល ដែលបានបង្កើនបរិមាណអ្នកស្លាប់ឡើងដល់ ៥៨០០នាក់ និងរងរបួសសរុបឡើងដល់ជាង ១៦.០០០នាក់ ចាប់តាំងពីដើមយុទ្ធនាការរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា នាព្រឹកថ្ងៃទី ៧ ខែតុលា រហូតមកដល់ពេលនេះ។  លើសពីនេះទៅទៀត នៅមានមនុស្សប្រហែល ១.៥០០ នាក់កំពុងបាត់ខ្លួននៅក្នុងគំនរបាក់បែកដែលបណ្តាលមកពីការវាយប្រហារតាមជើងអាកាស។

អ៊ីស្រាអែលជំរុញខ្លាំអ​យុទ្ធនាការវាយប្រហារទៅលើតំបន់ហ្គាហ្សា; អង្គការសហប្រជាជាតិអំពាវនាវឲ្យមានការធានាជំនួយមនុស្សធម៌ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារជើងអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

ពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈឹមបូព៌ា ប្រធានាធិបតីបារាំងលោក Emanuel Macron កាលពីថ្ងៃទី២៤ ខែតុលា បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល និងតំបន់ភាគខាងលិច ដើម្បីបង្ហាញពីចំណងសាមគ្គីភាពជាមួយអ៊ីស្រាអែល ជំរុញកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះចំណាប់ខ្មាំងដែលកំពុងត្រូវបានហាម៉ាសចាប់ខ្លួន និងផ្ទេរទំនិញជួយសង្គ្រោះមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្គាហ្សា។

ទាក់ទងនឹងស្ថានភាពជួយសង្គ្រោះ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកការជួយសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៤ ខែតុលា បានអំពាវនាវឱ្យធានាការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា។ អ្នកនាំពាក្យរបស់ UNRWA  លោក Tamara Alrifai បានឲ្យដឹងថា រហូតមកដល់ពេលនេះរថយន្តដឹកទំនិញជួយសង្គ្រោះចូលទៅដល់តំបន់ហ្គាហ្សាបានបំពេញតែតម្រូវការបន្ទាន់តិចតួចរបស់ប្រជាជននៅទីនេះ។ ជាពិសេស ប្រេងឥន្ធនៈមិនទាន់ត្រូវបានបញ្ជូនទៅកាន់តំបន់ហ្គាហ្សានៅឡើយទេ។ ចំណែកឯនាយកបន្ទាន់របស់ WHO ប្រចាំនៅតំបន់មេឌីទែរ៉ាណេខាងកើត លោកវេជ្ជបណ្ឌិត Rick Brennan បានឲ្យដឹងថា បច្ចុប្បន្នមានមន្ទីរពេទ្យ ១/៣ និងកន្លែងពិនិត្យព្យាបាលជំងឺចំនួន ២/៣ នៅតំបន់ហ្គាហ្សា កំពុងមិនអាចដំណើរការបានឡើយ។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត អ្នកជំនាញជាច្រើនបានចាត់ទុកថា ជម្លោះនៅមជ្ឈឹមបូព៌ា អាចបង្កឲ្យមានបញ្ហាប្រឈមថ្មីចំពោះសេដ្ឋកិច្ចសកល។ តាមមជ្ឈដ្ឋានអ្នកវិភាគថា រាល់សេណារីយ៉ូជម្លោះអាចជំរុញឲ្យតម្លៃប្រេងកើនឡើងខ្ពស់ អតិផរណាខ្ពស់ជាង និងកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ