អ៊ីស្រាអែលនិងប៉ាឡេស្ទីនពិភាក្សាលើស្ថានភាពអំពើហឹង្សានៅតំបន់ West bank
(VOVWORLD) - ការិយាល័យក្រសួងការពារជាតិអ៊ីស្រាអែលកាលពីថ្ងៃទី ២៧ ខែមិថុនា បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant និងរដ្ឋមន្ត្រីមហាផ្ទៃប៉ាឡេស្ទីនលោក Hussein Al-Sheikh សមាជិកនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) បានជួបសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពអំពើហឹង្សានៅតំបន់ West Bank នាប៉ុន្មានថ្ងៃកន្លងទៅ នៅពេលដែលការប៉ះទង្គិចគ្នាដ៏គ្រោះថ្នាក់បានផ្ទុះឡើងរវាងជនជាតិជ្វីហ្វដែលតាំងលំនៅ និងជនជាតិអារ៉ាប់ប៉ាឡេស្ទីន។
ជនប៉ាឡេស្ទីនរត់ភៀសខ្លួនពីការវាយឆ្មក់របស់ទាហានអ៊ីស្រាអែលនៅក្នុងក្រុង Jenin ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA |
មូលហេតុគឺដោយសារតែផែនការសាងសង់ផ្ទះថ្មីជាង ៥.៦០០ខ្នង នៅក្នុងតំបន់តាំងទីលំនៅមួយចំនួនរបស់អ៊ីស្រាអែលក្នុងតំបន់ West Bank ដែលក្នុងនោះមានផ្ទះ១០០០ខ្នងនៅក្រុង Eli ដែលកាលពីសប្តាហ៍មុនបានប្រព្រឹត្តិទៅការបាញ់រះរបស់ខ្មាន់កាំភ្លើងប៉ាឡេស្ទីនពីរនាក់ បណ្តាលឲ្យជនអ៊ីស្រាអែល ៤ នាក់បានស្លាប់។
លោករដ្ឋមន្រ្តី Gallant បានសង្កត់ធ្ងន់ថា Tel Aviv នឹងដាក់ទណ្ឌកម្មយ៉ាងតឹងរឹងនិងស្របច្បាប់ ចំពោះក្រុមជនជ្រុលនិយមដែលបានបង្កឱ្យមានអំពើហឹង្សាទៅលើជនស៊ីវិលប៉ាឡេស្ទីនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ លោកបានអះអាងថា ការបន្ធូរបន្ថយភាពតានតឹងនៅតំបន់ West Bank គឺជាផលប្រយោជន៍រួមសម្រាប់ភាគីទាំងពីរ ហើយលោកបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនានាតាមតម្រូវការ។ ការិយាល័យរបស់លោក Al-Sheikh មិនទាន់ធ្វើអត្ថាធិប្បាយលើកិច្ចសន្ទនាតាមទូរស័ព្ទនេះទេ៕