អ៊ីស្រាអែលពង្រីកវិសាលភាពនៃការជម្លៀសជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា

(VOVWORLD) - កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី ៣ ខែធ្នូ បានបញ្ជាឱ្យមានការជម្លៀសនៅតំបន់ជាច្រើននៅក្នុង និងជុំវិញទីក្រុង Khan Younis ដែលជាទីក្រុងធំទីពីរនៃតំបន់ហ្គាហ្សា ក្នុងបរិបទដែលប្រទេសនេះបានពង្រីកការវាយប្រហារទៅកាន់ភាគខាងត្បូងនៃតំបន់នេះ។

កងទ័ពអ៊ីស្រាអែលបានស្នើឱ្យជនប៉ាឡេស្ទីនផ្លាស់ទីលំនៅទៅភាគខាងត្បូង ទៅកាន់ទីក្រុង Rafah ឬតំបន់ឆ្នេរនៅភាគនិរតីនៃតំបន់ហ្គាហ្សា។ ខិត្តប័ណ្ណបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុង Khan Younis ជាតំបន់ប្រយុទ្ធគ្នាដ៏គ្រោះថ្នាក់។ របាយការណ៍ពីអ្នកឃ្លាំមើលរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា តំបន់ដែលប្រជាជនប៉ាឡេស្ទីនត្រូវបានតម្រូវឱ្យចាកចេញ ក្រោមការបញ្ជាជម្លៀសថ្មីបំផុតរបស់អ៊ីស្រាអែល មានផ្ទៃដីប្រហែលមួយភាគបួននៃតំបន់ហ្គាហ្សា។

អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមជើងអាកាសយ៉ាងខ្លាំងក្លានៅយប់ថ្ងៃទី ២ ខែធ្នូ និងព្រឹកថ្ងៃទី ៣ ខែធ្នូ នៅតំបន់ Khan Younis និងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ក៏ដូចជាតំបន់ភាគខាងជើង ដែលជាគោលដៅនៃយុទ្ធនាការផ្លូវអាកាសនិងផ្លូវគោករបស់អ៊ីស្រាអែល។ តំបន់ Khan Younis និង Rafah បច្ចុប្បន្ន ជាកន្លែងប្រមូលផ្តុំជនស៊ីវិលដែលត្រូវបានជម្លៀសចេញពីភាគខាងជើងតំបន់ហ្គាហ្សា ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាសបានផ្ទុះឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ