អ៊ីស្រាអែល​ព្រមាន​​បើក​ការ​វាយ​ប្រហារ​ធំ​សំដៅទៅ​​លើ​ប្រទេស​លីបង់

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ២៥ ខែមករា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានព្រមានថា កងទ័ពរបស់ប្រទេសនេះអាចនឹងបើកការវាយប្រហារដ៏ធំមួយទៅលើប្រទេសជិតខាងលីបង់ ប្រសិនបើកងកម្លាំង Hezbollah មិនដកខ្លួនចេញពីតំបន់ព្រំដែនជាមួយអ៊ីស្រាអែល។

ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ត្រូវបាននាំចេញក្នុងបរិបទដែលតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់ បន្តមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាដែលបានកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ ក្នុងរយៈពេល ៣ ខែកន្លងមក រវាងកងកម្លាំងការពារអ៊ីស្រាអែល (IDF) និងចលនា Hezbollah ។

អ៊ីស្រាអែល​ព្រមាន​​បើក​ការ​វាយ​ប្រហារ​ធំ​សំដៅទៅ​​លើ​ប្រទេស​លីបង់ - ảnh 1ផ្សែងហុយឡើងពីភូមិមួយនៅភាគខាងត្បូងប្រទេសលីបង់ ដែលរងការវាយឆ្មក់ដោយអ៊ីស្រាអែលកាលពីថ្ងៃទី ២២ ខែមករា។ រូបថត៖ AFP

នាថ្ងៃទី ២៥ ខែមករា IDF បានធ្វើការវាយប្រហារតាមជើងអាកាសជាច្រើនលើក និងការបាញ់ផ្លោងយ៉ាងខ្លាំង ទៅលើគោលដៅជាបន្តបន្ទាប់របស់ក្រុម Hezbollah នៅភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហារតាមជើងអាកាស និងការបាញ់ផ្លោងត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះដ្រូនរបស់ Hezbollah ចំនួនពីរគ្រឿង សំដៅទៅលើទីតាំងយោធាមួយចំនួននៅភាគខាងជើងប្រទេសអ៊ីស្រាអែលកាលពីព្រឹកថ្ងៃដដែលនោះ។

នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត ទាក់ទងទៅនឹងសង្រ្គាមដែលជិតឈានចូលដល់ខែទី ៤ នៅតំបន់ហ្គាហ្សា លោក Osma Hamdan មេដឹកនាំជាន់ខ្ពស់នៃកងកម្លាំងហាម៉ាសកាលពីថ្ងៃទី ២៥ មករា បានអះអាងថា កងកម្លាំងនេះត្រៀមខ្លួនជាស្រេចសម្រាប់បញ្ឈប់ការបាញ់ប្រហារ និងប្រគល់ចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូងនៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ ប្រសិនបើតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចេញសេចក្តីសម្រេចដែលអំពាវនាវឱ្យបញ្ឈប់អរិភាពនៅតំបន់ហ្គាហ្សា ហើយអ៊ីស្រាអែលបានយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ