អ៊ីស្រាអែលអនុម័តលើសេចក្តីប្រកាស ប្រឆាំងជំទាស់នឹងការទទួលស្គាល់ដោយឯកតោភាគីនូវរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ
(VOVWORLD) - នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍កាលពីថ្ងៃទី ១៨ ខែកុម្ភៈ រដ្ឋាភិបាលអ៊ីស្រាអែលបានបោះឆ្នោត អនុម័តលើសេចក្តីប្រកាសជាផ្លូវការមួយ ប្រឆាំងជំទាស់រាល់ការសម្រេចចិត្តដោយឯកតោភាគីទាំងអស់របស់សហគមន៍អន្តរជាតិ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យ។
សេចក្តីប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលបដិសេធទាំងស្រុងរាល់ការសម្រេចចិត្តរបស់អន្តរជាតិ ទាក់ទងនឹងដំណោះស្រាយជាស្ថាពរសម្រាប់ជនប៉ាឡេស្ទីន។ ការរៀបចំមួយ ប្រសិនបើសម្រេចបាន នឹងត្រូវធ្វើឡើងតាមរយៈការចរចាដោយផ្ទាល់រវាងភាគីពាក់ព័ន្ធ ដោយគ្មានលក្ខខណ្ឌជាមុនឡើយ។ អ៊ីស្រាអែលនឹងបន្តប្រឆាំងជំទាស់ការទទួលស្គាល់ដោយឯកតោភាគីចំពោះរដ្ឋប៉ាឡេស្ទីន។
កងកម្លាំងសន្តិសុខអ៊ីស្រាអែលដើរល្បាត ខណៈប្រជាជនប៉ាឡេស្ទីនប្រមូលផ្តុំគ្នានៅក្រុងហ្សេរុយសាឡឹម មុននឹងបុណ្យរ៉ាម៉ាដាន ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN |
ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី ១៧ ខែកុម្ភៈ ក្នុងកិច្ចប្រជុំកំពូលលើកទី ៣៧ នៃសហភាពអាហ្រ្វិក (AU) នៅប្រទេសអេត្យូពី បណ្តាមេដឹកនាំទ្វីបអាហ្វ្រិកបានដាស់តឿនឱ្យបញ្ឈប់ជម្លោះហាម៉ាស - អ៊ីស្រាអែលជាបន្ទាន់ ដោយអំពាវនាវឱ្យសាមគ្គីអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន។ ប្រធាន AU ឆ្នាំ ២០២៤ គឺប្រធានាធិបតី Mauritania លោក Mohamed Ould Cheikh Ghazouani បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវទទួលស្គាល់សិទ្ធិរបស់ជនប៉ាឡេស្ទីនក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយមានទីក្រុង Jerusalem ខាងកើតជារដ្ឋធានី ស្របតាមដំណោះស្រាយអន្តរជាតិ។ ប្រធាន AU ក៏បានសម្តែងការព្រួយបារម្ភចំពោះភាពមិនច្បាស់លាស់របស់សហគមន៍អន្តរជាតិក្នុងការជំរុញឱ្យមានបទឈប់បាញ់ភ្លាមៗ ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញសង្គ្រោះទៅកាន់តំបន់ហ្គាហ្សា ក៏ដូចជាការឈានទៅដល់ដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែង៕