អេហ្ស៊ីប កោះហៅភារធារីស៊ុយអែត តវ៉ាប្រឆាំងការដុតគម្ពីរកូរ៉ាន ខណៈនៅប្រទេសដាណឺម៉ាក គម្ពីរកូរ៉ានក៏រងការដុតដែរ

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអេហ្ស៊ីបបាននិយាយកាលពីម្សិលមិញថា អេហ្ស៊ីបបានកោះហៅភារធារីស៊ុយអែតដើម្បីតវ៉ាប្រឆាំងនឹងទង្វើនៃការប្រមាថគម្ពីរកូរ៉ាន។ សេចក្តីប្រកាសបន្ថែមថា អេហ្ស៊ីបបានជូនដំណឹងទៅភារធារីស៊ុយអែតនៃទីក្រុងគែរ "ថ្កោលទោសយ៉ាងខ្លាំងក្លា និងច្រានចោលទាំងស្រុងចំពោះការដុតម្តងហើយម្តងទៀត និងការប្រមាថច្បាប់ចម្លងនៃគម្ពីរកូរ៉ាន"។

អេហ្ស៊ីប កោះហៅភារធារីស៊ុយអែត តវ៉ាប្រឆាំងការដុតគម្ពីរកូរ៉ាន ខណៈនៅប្រទេសដាណឺម៉ាក គម្ពីរកូរ៉ានក៏រងការដុតដែរ - ảnh 1បុរសម្នាក់ដុតគម្ពីរកូរ៉ាននៅខាងក្រៅវិហារឥស្លាមក្នុងក្រុង Stockholm កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ (ប្រភព៖ Reuters/រូបថតអេក្រង់)

ក្នុងពេលជាមួយគ្នានេះ នៅប្រទេសដាណឺម៉ាក សកម្មជនប្រឆាំងមូស្លីមកាលពីម្សិលមិញបានដុតគម្ពីរកូរ៉ាននៅមុខស្ថានទូតអេហ្ស៊ីបនៅទីក្រុង Copenhagen។ កាល ពីម្សិលមិញផងដែរ បាតុករពីរនាក់មកពីក្រុមស្តាំនិយម Danske Patrioter នៅដាណឺម៉ាកបានដុតច្បាប់ចម្លងគម្ពីរកូរ៉ាននៅមុខស្ថានទូតអ៊ីរ៉ាក់នៅទីក្រុង Copenhagen។ មុននេះ កាលពីថ្ងៃទី ២១ ខែកក្កដា ក្រុមនេះបានបង្ហោះវីដេអូបុរសម្នាក់ដុតសៀវភៅដែលទំនងថាជាគម្ពីរកូរ៉ាន និងប្រមាថទង់ជាតិអ៊ីរ៉ាក់នៅមុខស្ថានទូតអ៊ីរ៉ាក់នៅទីក្រុង Copenhagen ធ្វើឱ្យសហគមន៍អ៊ិស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់មានការខឹងសម្បារយ៉ាងខ្លាំង។ កាលពីថ្ងៃទី ២២ ខែកក្កដា ក្រុមអ្នកតវ៉ារាប់រយនាក់ប្រឆាំងនឹងទង្វើប្រមាថនេះ បានព្យាយាមទម្លុះចូលទៅក្នុងតំបន់បៃតងដែលមានការយាមកាមយ៉ាងតឹងរ៉ឹងក្នុងរដ្ឋធានីបាកដាដ ដែលជាទីស្នាក់ការកណ្តាលរបស់ភ្នាក់ងាររដ្ឋាភិបាល និងស្ថានទូតបរទេសជាច្រើន។

ក្នុងបរិបទនោះ រដ្ឋាភិបាលដាណឺម៉ាកបានថ្កោលទោសការដុតគម្ពីរកូរ៉ានថាជា "ទង្វើញុះញង់ និងគួរឱ្យអាម៉ាស់" ប៉ុន្តែបាននិយាយថា គេគ្មានសិទ្ធិរារាំងក្រុមបាតុករពីកុប្បកម្មនោះទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ