អេហ្ស៊ីប ហ្ស៊កដានី និងប៉ាឡេស្ទីន បញ្ជាក់ពីសារៈសំខាន់នៃសន្តិភាពក្នុងតំបន់

(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែសីហា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលត្រីភាគីមួយ រួមមានព្រះមហាក្សត្រហ្ស៊កដានី ស្តេច Abdullah II និងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅទីក្រុង El Alamein ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាលើការវិវត្តន៍ក្នុងបញ្ហាប៉ាឡេស្ទីននាពេលថ្មីៗនេះ ក៏ដូចជាស្ថានភាពក្នុងតំបន់និងអន្តរជាតិដែលជាប់ពាក់ព័ន្ធ។ 

នៅចុងបញ្ចប់នៃសន្និសិទ មេដឹកនាំទាំងបីរូបបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ថា ដំបូងបង្អស់ចាំបាច់ត្រូវបញ្ឈប់ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន តាមកាលវិភាគច្បាស់លាស់ ព្រមទាំងស្ដារឡើងវិញនូវសិទ្ធិស្របច្បាប់ទាំងអស់ដល់ប្រជាជនប៉ាឡេស្ទីន រួមទាំងសិទ្ធិស្វ័យសម្រេចនិងការបង្កើតរដ្ឋឯករាជ្យ អធិបតេយ្យភាព តាមបណ្តោយព្រំដែនកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៦៧ ជាមួយនឹងទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី។

មេដឹកនាំទាំងបីរូបបានអះអាងថា ការដោះស្រាយបញ្ហាប៉ាឡេស្ទីន និងការទទួលបាននូវសន្តិភាពប្រកបដោយយុត្តិធម៌និងគ្រប់ជ្រុងជ្រោយ គឺជាជម្រើសយុទ្ធសាស្ត្រនិងជៀសមិនរួចនៃតំបន់និងពិភពលោក ហើយបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលត្រូវតែបំពេញកាតព្វកិច្ចនិងការសន្យារបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិមុនៗ រួមទាំងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយប៉ាឡេស្ទីនផងដែរ។ មេដឹកនាំទាំងបីក៏បានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់រាល់សកម្មភាពបង្ករឿងហេតុនៅតំបន់ West Bank ក៏ដូចជាដកការហ៊ុំព័ទ្ធនៅតំបន់ហ្គាហ្សា និងបញ្ឈប់រាល់សកម្មភាពដែលបង្កភាពតានតឹងនិងមាន ហានិភ័យធ្វើឱ្យអំពើហិង្សាឡើងជណ្ដើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ