អេហ្ស៊ីបនិងរុស្ស៊ីបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរួមគ្នាដោះស្រាយវិបត្តិនៅលីប៊ី
(VOVWORLD) - ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi នាថ្ងៃទី ២៥ ខែធ្នូ បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីស្ថានភាពនៅប្រទេសលីប៊ី និងទំនាក់ទំនងទ្វេភាគី។
តាមនោះ ភាគីទាំងពីរបានឯកភាពថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរួម និងការសម្របសម្រួលជាមួយគ្នាដើម្បីដោះស្រាយវិបត្តិនៅលីប៊ី ដោយបំពេញសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសនេះ ឆ្លើយតបទៅនឹងក្រុមឧទ្ទាមប្រដាប់អាវុធនិងអង្គការភេរវកម្ម ទន្ទឹមនឹងនោះ បញ្ចប់ការជ្រៀតជ្រែកខុសច្បាប់របស់កម្លាំងបរទេសចូលកិច្ចការផ្ទៃក្នុងរបស់លីប៊ី។
លោកប្រធានាធិបតី El-Sisi បានចែករំលែកជាមួយប្រធានាធិបតី Putin ថា អេហ្ស៊ីបកំពុងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ដំណើរអន្តរកាលនយោបាយ និងគាំទ្រឆន្ទៈសេរីរបស់ប្រជាជនលីប៊ី ក្នុងការជ្រើសរើសមេដឹកនាំសម្រាប់ប្រទេសខ្លួន។
ក្នុងទំនាក់ទំនងទ្វេភាគី លោក El-Sisi បានអះអាងពីគគោលបំណងរបស់ក្រុង Cairo សំដៅរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងម៉ូស្គូលើគ្រប់វិស័យ ហើយកសាងគម្រោងសហប្រតិបត្តិការរួមគ្នានៅអេហ្ស៊ីបផងដែរ។
រីឯខ្លួនវិញ លោកប្រធានាធិបតី Putin បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយអេហ្ស៊ីប ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូនិងសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ៕