អេហ្ស៊ីបពង្រឹងវិធានការសន្តិសុខសម្រាប់សន្និសីទ COP27
(VOVWORLD) - អេហ្ស៊ីបបានសម្រេចរួចរាល់ការត្រៀមរៀបចំសម្រាប់សន្និសីទលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Sharm El-Sheikh ចាប់ពីថ្ងៃទី ៦-១៨ ខែវិច្ឆិកា ដែលក្នុងនោះបញ្ហាសន្តិសុខ ក្នុងការធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នេះ ត្រូវបានយកចិត្តទុកដាក់ជាពិសេស។
អេហ្ស៊ីបពង្រឹងវិធានការសន្តិសុខសម្រាប់សន្និសីទ COP27។ (រូបថត៖ VOV) |
ប៉ុស្តិ៍ត្រួតពិនិត្យ និងរបាំងសន្តិសុខជាច្រើនត្រូវបានបង្កើតឡើងនៅតាមដងវិថីសំខាន់ៗជាច្រើនក្នុង និងជុំវិញទីក្រុង Sharm El-Sheikh ខណៈដែលវិធានការសន្តិសុខក៏ត្រូវបានបង្កើនផងដែរនៅអាកាសយានដ្ឋានអន្តរជាតិ Sharm El-Sheikh។
មជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Sharm El-Sheikh ត្រូវបានបង្កើតឡើងជាតំបន់បៃតង ហើយមានតែអ្នកដែលមានការអនុញ្ញាតពីភ្នាក់ងារអង្គការសហប្រជាជាតិប៉ុណ្ណោះ ដែលអាចចូលទៅកាន់តំបន់នេះ។ រដ្ឋាភិបាលអេហ្ស៊ីបក៏បានបង្កើតតំបន់បៃតងមួយនៅក្នុងសួនឧទ្យានរុក្ខសាស្ត្រសន្តិភាព ជាកន្លែងដែលនឹងរៀបចំព្រឹត្តិការណ៍ខាងក្រៅ សម្រាប់អាជីវកម្ម យុវជន អង្គការសង្គមស៊ីវិល សហគមន៍ជនជាតិដើម និងសិល្បករ។
យោងតាមអាជ្ញាធរអេហ្ស៊ីប ទោះបីជាមិនមានការគំរាមកំហែងជាក់លាក់ណាមួយចំពោះ COP27 ក៏ដោយ ប៉ុន្តែកិច្ចប្រជុំកំពូលរវាងមេដឹកនាំពិភពលោកក្រោមក្របខណ្ឌ COP27 គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ៧-៨ ខែវិច្ឆិកា អាចក្លាយជាគោលដៅរបស់ក្រុមសកម្មប្រយុទ្ធនានា។ តាមការគ្រោងទុក ប្រតិភូអន្តរជាតិចំនួនជាង ៣៥.០០០ នាក់ រួមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាលចំនួនជាង ១០០នាក់ នៅជុំវិញពិភពលោក នឹងចូលរួមព្រឹត្តិការណ៍អាកាសធាតុពិភពលោករបស់អង្គការសហប្រជាជាតិនេះ។ អ្នកយកព័ត៌មានអន្តរជាតិប្រហែល ៣.០០០ នាក់បានចុះឈ្មោះដើម្បីយកព័ត៌មានអំពីព្រឹត្តិការណ៍នេះ៕