ឥណ្ឌូណេស៊ី ប្រកាសកាលវិភាគនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២
(VOVWORLD) - នាថ្ងៃទី ៥ ឧសភា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានឲ្យដឹងថា កិច្ចប្រជុំកំពូលលើកទី ៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Labuan Bajo ខេត្ត Nusa Tenggara ខាងកើត នឹងមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសជាសមាជិកចំនួន៨ រួមជាមួយនឹងអគ្គលេខាធិការ អាស៊ាន និងនាយករដ្ឋមន្ត្រីទីម័រខាងកើត។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi ថ្លែងមតិក្នុងសន្និសីទកាសែតក្នុងទីក្រុងហ្សាកាតា។ (រូបថត៖ AFP/VNA) |
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន លោកស្រី Retno បានឲ្យដឹងថាតាមការសម្រេចរបស់មេដឹកនាំអាស៊ាន មីយ៉ាន់ម៉ាមិនត្រូវបានអញ្ជើញក្នុងកម្រិតនយោបាយនោះទេ ខណៈដែលនាយករដ្ឋមន្ត្រីថៃមិនអាចចូលរួមបាន ដោយសារតែកាលវិភាគបោះឆ្នោតនៅថ្ងៃទី ១៤ ឧសភា ហើយបានចាត់ឧបនាយករដ្ឋមន្ត្រីធ្វើជាបេសកជនពិសេសនៅក្នុងសន្និសីទ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បានប្រព្រឹត្តិទៅនៅថ្ងៃទី១០-១១ ខែឧសភា ក្នុងនោះមានសម័យប្រជុំចំនួន៤ រួមទាំងសម័យប្រជុំពេញអង្គ និងតូចចង្អៀត កិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន និងតំណាងក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) តំណាងយុវជនអាស៊ាននិងក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ (HLTF-ACV) រួមជាមួយកិច្ចប្រជុំកំពូលនៃត្រីកោណកំណើន ឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការតំបន់អាស៊ានខាងកើត ប្រ៊ុយណេ ដារូសាឡឹម-ឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ហ្វីលីពីន (BIMP-EAGA) ។
យោងតាមប្រមុខការបរទេសឥណ្ឌូនេស៊ី រហូតមកដល់ពេលនេះ ប្រតិភូពេញសិទ្ធចំនួន ៧៧៦ នាក់បានចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ហើយលើសពីនេះ អ្នកសារព័ត៌មានចំនួន ៤០០ នាក់មកពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកនិងបរទេសក៏បានចុះឈ្មោះដើម្បីបង្ហាញព័ត៌មាននៃព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ៕