ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញចូលរួមពិធីបើកដំណើរការខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៤

(VOVWORLD) - នាព្រឹកថ្ងៃទី១ មិថុនា នៅទីក្រុង Hue ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ដើម្បីរៀបចំពិធីបើកឲ្យដំណើរការខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៤។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញចូលរួមពិធីបើកដំណើរការខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៤ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញថ្លែងមតិក្នុងពិធីបើកដំណើរការខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៤  (រូបថត៖ Ngoc Hieu/VTCNews)

ថ្លែងមតិក្នុងពិធី  ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងថា៖ កាលនៅរស់លោកប្រធានហូជីមិញ តែងតែលើកកម្ពស់តួនាទីអប់រំ ជាពិសេសការអប់រំគ្រួសារ ការអប់រំនៅមូលដ្ឋាន ជាកន្លែងចិញ្ចឹមបីបាច់ថែរក្សា ពូនជ្រុំបុគ្គលិកលក្ខណៈរួមជាមួយនឹងចំណេះដឹងសម្រាប់កុមារ។ នោះហើយជាមូលហេតុដែលបក្ស រដ្ឋ គ្រួសារ សង្គម... តែងតែផ្តល់អ្វីៗល្អៗបំផុតជូនដល់កុមារ។

“ក្មួយៗ យុវជន និងកុមារទាំងអស់ ត្រូវមានក្តីស្រមៃ និងក្តីប្រាថ្នា ហើយត្រូវខិតខំសម្រេចក្តីសុបិនរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ខ្លួន និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ លើកតម្កើងមុខមាត់របស់ប្រជាជាតិវៀតណាម។ ក្នុងឱកាសទិវាសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤ យើងប្តេជ្ញាចំណាយអស់ធនធានជាអតិបរមា ដើម្បីឲ្យកុមារគ្រប់រូបអាចរស់នៅក្នុងក្តីស្រឡាញ់ សុភមង្គល ទទួលបានការអភិវឌ្ឍពេញលេញទាំងផ្លូវកាយ និងផ្លូវចិត្ត ក៏ដូជជាចិញ្ចឹមបីបាច់ក្តីសុបិនឱ្យទទួលបានជោគជ័យ រួមជាមួយប្រទេសជាតិខ្លាំងមាំមួនរបស់យើង”។ នេះបើយោងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha រួមជាមួយសម្បុរុសជន បានប្រគល់អំណោយដល់កុមារចំនួន ៥០នាក់ ដែលស្ថិតក្នុងស្ថានភាពលំបាកខ្លាំង; ផ្តល់កង់ចំនួន ៣០ គ្រឿងដល់កុមារមានស្ថានភាពពិសេសក្នុងខេត្ត Thua Thien Hue; មូលនិធិកុមារខេត្ត Thua Thien Hue បានទទួលថវិកាជាង ៧ពាន់លានដុង (ជាង ២៥០,០០០ដុល្លារអាមេរិក) ពីម្ចាស់ជំនួយ។

នាព្រឹកមិញនេះដែរ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha និងគណៈប្រតិភូបានអញ្ជើញចូលរួមពិធីសម្ពោធអគារពហុមុខងារនៃសាលាបឋមសិក្សា Vy Da ទីក្រុង Hue និងបានទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់កុមារនៅភូមិកុមារ SOS Hue ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ