ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នាថ្ងៃទី ៨ ខែមេសា នៅទីក្រុងប៉េកាំង ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ប្រធានសាខាវៀតណាមក្នុងគណៈកម្មាធិការដឹកនាំកិ្ចចសហប្រតិបត្តិការវៀតណាម-ចិន បានជួបជាមួយលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន ប្រធានសាខាចិន ក្នុងគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ។ រូបថត៖ PV/VOV-Beijing |
នៅទីនេះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយបានឯកភាពជំរុញនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “សេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ” តាមទិសដៅដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរនិងប្រទេសទាំងពីរបានឯកភាព។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ។ រូបថត៖ PV/VOV-Beijing |
តាមនោះ ភាគីទាំងពីរបានឯកភាពរួមគ្នាអនុវត្តការជួបប្រាស្រ័យនិងទំនាក់ទំនងជាន់ខ្ពស់នៅគ្រប់ជាន់ថ្នាក់ និងគ្រប់វិស័យ; អនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខឱ្យបានល្អ; ពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងផ្លូវថ្នល់; ពន្លឿនការបើក/ដំឡើងថ្នាក់/ការទទួលស្គាល់គូច្រកទ្វារព្រំដែន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការសាងសង់សាកល្បងច្រកទ្វារព្រំដែនឆ្លាតវៃ ជួយសម្រួលដល់ទំនិញវៀតណាមដែលឆ្លងកាត់ផ្លូវដែករបស់ចិនទៅកាន់ប្រទេសទីបី តាមរយៈខ្សែផ្លូវរថភ្លើងអាស៊ី-អឺរ៉ុប; សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងនិងការពារព្រំដែន យោងតាមឯកសារច្បាប់ចំនួនបីស្តីពីព្រំដែនគោកនិងការគ្រប់គ្រងការខ្វែងគំនិតគ្នានៅលើសមុទ្រ យោងតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕