ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបថ្នាក់ដឹកនាំ ទីភ្នាក់ងារ​ថាមពលបរមាណូអន្តរជាតិ

(VOVWORLD) -លោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ IAEA ក្នុងការជំរុញការប្រើប្រាស់ថាមពលបរមាណូ ដើម្បីគោលដៅសន្តិភាព។ ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង IAEA កាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបថ្នាក់ដឹកនាំ ទីភ្នាក់ងារ​ថាមពលបរមាណូអន្តរជាតិ - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបលោកស្រី Najat Mokhtar អគ្គនាយិការង ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

នារសៀលថ្ងៃទី ៥ ខែមេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានទទួលជួបលោកស្រី Najat Mokhtar អគ្គនាយិការង ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។ អញ្ជើញថ្លែងនៅទីនេះ លោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ IAEA ក្នុងការជំរុញការប្រើប្រាស់ថាមពលបរមាណូ ដើម្បីគោលដៅសន្តិភាព។ ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង IAEA កាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេស ដែលរួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរលើវិស័យសុខាភិបាល កសិកម្ម ឧស្សាហកម្ម ការការពារបរិស្ថាន សន្តិសុខស្បៀងអាហារ និងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ IAEA បានរួមចំណែកលើកកម្ពស់សមត្ថភាពកសាងឯកសារច្បាប់របស់វៀតណាមលើវិស័យ គ្រប់គ្រងថាមពលនុយក្លេអ៊ែរ បង្កើនសមត្ថភាពគ្រប់គ្រងសុវត្ថិភាពវិទ្យុសកម្ម និងសុវត្ថិភាពនុយក្លេអ៊ែរ។ លោកស្រី Najat Mokhtar ក៏បានជួយគាំទ្រ ឧបត្ថម្ភគ្រឹះស្ថានសុខាភិបាលរបស់វៀតណាម សំដៅបង្កើនការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជម្ងឺមហារីក។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam មានគោលបំណងថាIAEA ក៏ដូចជាលោកស្រី Najat Mokhtar បន្តជួយគាំទ្រ ឧបត្ថម្ភវៀតណាមអនុវត្តន៍ការចុះឈ្មោះគម្រោងសហប្រតិបត្តិការបច្ចេកទេសថ្មី និងបណ្ដុះបណ្ដាលកម្មាភិបាល អ្នកជំនាញជាដើម។

ជាកិច្ចឆ្លើយតប លោកស្រី Najat Mokhtar អគ្គនាយិការង ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមទទួលបានក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព។ លោកស្រី Najat Mokhtar បានឲ្យដឹងថា គោលដៅនៃដំណើរទស្សនកិ្ចលើកនេះគឺស្វែងយល់ស្ថានភាពអនុវត្តន៍កម្មវិធី ប្រើប្រាស់ថាមពលបរមាណូលើវិស័យសេដ្ឋកិច្ចសង្គមនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ