ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង
(VOVWORLD) - នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចទ្វេភាគីឡើងវិញ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha |
ក្នុងជំនួបនេះ ភាគីទាំងពីរបានចែករំលែកនូវបទពិសោធន៍ ស្តីពីការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ នៅប្រទេសនីមួយៗ ក៏ដូចជាបញ្ជាក់ពី សារៈសំខាន់នៃការពង្រឹងកិច្ចសហប្រ តិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានព្រមព្រៀងអនុវត្តរាល់វិធានការ ណ៍ ដែលសមស្របនឹងស្ថានភាពថ្មី ផងដែរ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានជូនដំណឹងថា វៀតណាមកំពុងពិចារណា បើកជើងហោះហើរពាណិជ្ជកម្មឡើងវិញ ជាមួយប្រទេសមួយចំនួនក្នុងនោះមានកូរ៉េខាងត្បូង។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យកូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន - កូរ៉េខាងត្បូង និងមេគង្គ - កូរេខាងត្បូង ក៏ដូចជា ចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គផង។
ចំណែកឯរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha បានយល់ព្រមនឹងបន្តចាត់វិធានការនានាដើម្បីជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្ម និងអះអាងថា កូរ៉េខាងត្បូង នឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការក្នុងយន្តការអាស៊ាននិងអនុតំបន់មេគង្គនាពេលខាងមុខ៕