ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ជួបពិភាក្សាការងារជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien
(VOVWORLD) - លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងក្រសួងការបរទេសអាមេរិកដែលបានផ្ដល់ជំនួយឧបត្ថម្ភដ៏ជាក់ស្ដែងនិងទាន់ពេលវេលាជូនចំពោះ វៀតណាមក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 និងការជំនះពុះពារលើផលវិបាកដោយសារគ្រោះទឹកជំនន់នៅតំបន់ភាគកណ្ដាលវៀតណាមនាពេលកន្លងមក។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh (ខាងស្ដាំ) ជួបពិភាក្សាការងារជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien។ (រូបថត៖ TTXVN) |
នាថ្ងៃទី២១ វិច្ឆិកា នៅទីក្រុងហាណូយ នៅក្នុងជំនួបពិភាក្សាការងារជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ វិច្ឆិកា ក្នុងឱកាសរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-អាមេរិកនោះ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងក្រសួងការបរទេសអាមេរិកដែលបានផ្ដល់ជំនួយឧបត្ថម្ភដ៏ជាក់ស្ដែងនិងទាន់ពេលវេលាជូនចំពោះវៀតណាមក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 និងការជំនះពុះពារលើផលវិបាកដោយសារគ្រោះទឹកជំនន់នៅតំបន់ភាគកណ្ដាលវៀតណាមនាពេលកន្លងមក។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បានបញ្ជាក់ថា អាមេរិកគាំទ្រចំពោះប្រទេសវៀតណាមប្រកបដោយភាពខ្លាំងមាំមួន ឯករាជ្យភាព វិបុលភាព ហើយដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងតំបន់ ព្រមទាំងសម្ដែងនូវការប្ដេជ្ញាចិត្តថែរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាព ហើយនឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឲ្យមានការរីកចម្រើនដ៏ជាក់ស្ដែង ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាពនិងចីរភាព រួមវិភាគទានយ៉ាងសកម្មដល់សន្តិសុខ សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោកផងដែរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការនានា សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ដែលក្នុងនោះផ្ដល់អាទិភាពដល់ការចាប់ផ្ដើមឡើងវិញនូវសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ ការបង្កើនកិច្ចសហប្រតិបត្តិការមនុស្សធម៌ ការជំនះពុះពារ លើផលវិបាកដោយសារសង្គ្រាម ព្រមទាំងបន្តជួយសម្រួលដល់ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមកផងដែរ៕