ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Tran Luu Quang អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃផែនការការពារនិងធ្វើអាជីវកម្មធនធានជលផល
(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Tran Luu Quang បានធ្វើជាអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃផែនការការពារនិងធ្វើអាជីវកម្មធនធានជលផលឆ្នាំ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
ឧបនាយករដ្ឋមន្រ្តី លោក Tran Luu Quang អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។ រូបថត៖ VGP/Hải Minh |
ផែនការការពារនិងធ្វើអាជីវកម្មប្រភពជលផលបានលើកច្បាស់ថា ការធ្វើអាជីវកម្មប្រភពជលផលគឺជាផ្នែកមួយក្នុងចំណោមផ្នែកសេដ្ឋកិច្ចសមុទ្រសំខាន់ៗចំនួន៦។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien បានមានប្រសាសន៍ថា៖ “ជលផលវៀតណាមមានសសរស្ដម្ភសំខាន់នោះគឺជាការនេសាទ។ កាលពីឆ្នាំមុន ការនេសាទមានចំនួន ៣,៨២ លានតោន និងការចិញ្ចឹមមានចំនួនជាង ៥,២ លានតោន ការនាំចេញទទួលបាន ១១ ពាន់លានដុល្លារអាមេរិក។ ដូច្នេះបើចង់ធ្វើអាជីវកម្មប្រកបដោយចីរភាព ត្រូវតែមានការអភិរក្ស។ នេះគឺជាភារកិច្ចដ៏សំខាន់មួយដើម្បីយើងមានឧស្សាហកម្មជលផលអភិវឌ្ឍន៍ប្រកបដោយចីរភាព ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់និងអន្តរជាតិ ជាពិសេសការដកកាតលឿងរបស់សហភាពអឺរ៉ុប (EU)” ។
ផែនការការពារនិងធ្វើអាជីវកម្មប្រភពជលផលដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ សំដៅការពារនិងអភិវឌ្ឍន៍ប្រភពជលផលប្រកបដោយចីរភាព ការពារបរិស្ថានរស់នៅរបស់ជលផល អភិរក្សជីវចម្រុះ។ ផែនការបានលើកឡើងគោលដៅរហូតដល់ឆ្នាំ២០៣០ នឹងបង្កើតតំបន់អភិរក្សសមុទ្រចំនួន២៧កន្លែង ដែលមានផ្ទៃទឹកសរុបប្រមាណជាង៤៥០ពាន់ហិកតា; ទិន្នផលធ្វើអាជីវកម្មជលផលសរុប ២,៨លានតោន; បង្ហើយការសាងសង់ប្រព័ន្ធកំពង់ផែត្រីនិងកន្លែងចូលចតនៅពេលមានខ្យល់ព្យុះសម្រាប់ទូកនេសាទនិងសេវាកម្មភ័ស្តុភាជលផល៕