ឯកអគ្គរដ្ឋទូត Dinh Ngoc Linh៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើឲ្យស៊ីជម្រៅនូវទំនុកចិត្តយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី
(VOVWORLD) - ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកក្កដា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Anwar Ibarhim មកកាន់វៀតណាម ចាប់តាំងពីលោកចូលកាន់តំណែងកាលពីខែវិច្ឆិកាឆ្នាំមុន។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន (រូបថត៖ An Nguyen/TTXVN) |
អំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh បានអះអាងថា ដំណើរទស្សនកិច្ចនេះគឺជាសញ្ញាសម្គាល់ថ្មី ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ម៉ាឡេស៊ី រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឲ្យកាន់តែរីក ចម្រើន កាន់តែទូលំទូលាយ និងកាន់តែមានប្រសិទ្ធភាព ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកលើកកម្ពស់វិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ សមស្របទៅនឹងតម្រូវ ការ និងសមត្ថភាពរបស់ភាគីទាំងពីរក្នុងវិស័យប្រពៃណីដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងនយោបាយ ការទូត ការពារជាតិ និងសន្តិសុខ...។ ហើយទន្ទឹមនឹងនោះក៏បានផ្លាស់ប្តូរវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត។
លោកឯកអគ្គរដ្ឋទូតក៏សង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ប្រតិបត្តិកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ម៉ាឡេស៊ី ដំណាក់កាល ២០២១ - ២០២៥។ ឯកអគ្គរដ្ឋទូត Dinh Ngoc Linh សង្ឃឹមថា ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងចែករំលែក ផ្លាស់ប្តូរយ៉ាងស្មោះត្រង់អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ក្នុងនោះមានការជំរុញកិច្ចសហប្រតិបត្តិការអំពីសមុទ្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ហើយទន្ទឹមនឹងនោះក៏បានឯកភាពលើទិសដៅសំខាន់ៗ ដើម្បីពង្រឹងការសម្របសម្រួលរវាងប្រទេសទាំងពីរនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕