ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់ PACA និងទីក្រុង Marseille
(VOVWORLD) - ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ក្រៅពីពិធីបើកផ្លាកសញ្ញារំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅទីក្រុង Marseille ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានទៅទស្សនានិងធ្វើការនៅតំបន់ Provence-Alpes-Cote d'Azur (PACA) និងទីក្រុងកំពង់ផែ Marseille ផងដែរ។
លោក Christophe Mirmand តំណាងជាន់ខ្ពស់នៃរដ្ឋបារាំងប្រចាំតំបន់ PACA (ឆ្វេងទី២) បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសបារាំង Dinh Toan Thang (ស្តាំទីពីរ) នាថ្ងៃទី២៥ ខែវិច្ឆិកា នៅទីក្រុង Marseille (រូបថត៖ Bui Dung/TTXVN) |
នៅក្នុងជំនួបធ្វើការជាមួយលោក Christophe Mirmand តំណាងជាន់ខ្ពស់របស់រដ្ឋបារាំងប្រចាំតំបន់ PACA និងលោកស្រី Michele Rubriola អភិបាលរងអចិន្ត្រៃយ៍នៃទីក្រុង Marseille, លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានអះអាងថា PACA និង Marseille មានប្រៀបខ្លាំងជាច្រើន ជាពិសេសលើវិស័យដែលវៀតណាមត្រូវការ ដូចជា កំពង់ផែសមុទ្រ ភស្តុភារ ថាមពលកកើតឡើងវិញ ទេសចរណ៍ អភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់ ការកែច្នៃកសិផល និងការបណ្តុះបណ្តាល ជាពិសេសផ្នែកសុខាភិបាល។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនៃតំបន់ PACA និងទីក្រុង Marseille បានសម្តែងការត្រៀមខ្លួនជាស្រេច មានកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលភាគីទាំងពីរមានគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍន៍។ ភាគីទាំងពីរក៏បានចែករំលែកនូវបំណងចង់ពង្រឹងការតភ្ជាប់និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរតំបន់ ក្រោមគំរូនិងទម្រង់ផ្សេងៗគ្នា។ ក្នុងបណ្តាជំនួបនេះ អាជ្ញាធរមូលដ្ឋានតែងតែវាយតំលៃខ្ពស់ចំពោះការរួមវិភាគទាន ដោយកត់ សម្គាល់ពីសមាហរណកម្មល្អ និងជោគជ័យមួយចំនួនរបស់សហគមន៍វៀតណាមនៅទីក្រុង Marseille (ប្រហែល ២០.០០០នាក់) និងតំបន់ PACA (៤០.០០០ នាក់)។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានទៅទស្សនានិងជួបធ្វើការជាមួយសហគ្រាសធំៗមួយចំនួនដូចជា កំពង់ផែសមុទ្រ Marseille Fos សម្ព័ន្ធក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រផ្លូវសមុទ្រ CMA-CGM, ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ Airbus Helicopters ក៏ដូចជាសភាពាណិជ្ជកម្មនិងឧស្សាហកម្ម Marseille-Aix-Provence។ នៅទីនេះ ថ្នាក់ដឹកនាំនៃដៃគូទាំងអស់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនវត្តមាននិងធ្វើអាជីវកម្មនៅវៀតណាម។
ក្នុងជំនួបជាមួយតំណាងអាណិកជនវៀតណាមនៅឯបរទេសនៅទីក្រុង Marseille លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានលើកទឹកចិត្តអាណិកជន និងនិស្សិតវៀតណាម លើកកម្ពស់តម្លៃវប្បធម៌ជាតិក្នុងជីវភាពរស់នៅមូលដ្ឋាន រួមចំណែកក្នុងការធ្វើសមាហរណកម្មក្នុងសង្គមបារាំង៕