ឱកាសសហប្រតិបត្តិការពោពេញទៅដោយសក្តានុពលរវាងវៀតណាម និង AIIB
(VOVWORLD) - នារសៀលថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ ទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong បានជួបពិភាក្សាការងារជាមួយប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លោក Jin Liqun ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររបស់ប្រធាន AIIB នៅវៀតណាម ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែកក្កដា។
ក្នុងជំនួបនេះ ទេសាភិបាលលោកស្រី Nguyen Thi Hong បានសង្កត់ធ្ងន់ថា៖ ការគ្រប់គ្រងអតិផរណា និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាគោលដៅខ្ជាប់ខ្ជួនរបស់រដ្ឋាភិបាលវៀតណាម។ ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ភារកិច្ចមួយដែលរដ្ឋាភិបាលវៀតណាមផ្តោតសំខាន់គឺការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង។ យោងតាមលោកស្រីទេសាភិបាល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ជាភារកិច្ចសំខាន់មួយដែរ ក្នុងនោះគោលដៅរបស់វៀតណាមគឺសាងសង់ផ្លូវល្បឿនលឿនប្រវែង ៥.០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០។
ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លោក Jin Liqun បានធ្វើការជាមួយថ្នាក់ដឹកនាំ ធនាគាររដ្ឋវៀតណាម។ រូបថត៖ VGP/HT |
រីឯខ្លួនវិញ លោក Jin Liqun បានអះអាងថា៖ AIIB ប្តេជ្ញាបន្តជួយវៀតណាមក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងឆ្ពោះទៅគោលដៅស្នូលគឺនិរន្តរភាព នវានុវត្តន៍ និងការតភ្ជាប់។
AIIB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ជាមួយនឹងសមាជិកស្ថាបនិកចំនួន ៥៧ (រួមទាំងវៀតណាម) ដែលមានទីស្នាក់ការនៅទីក្រុងប៉េកាំង ប្រទេសចិន ដោយមានគោលដៅលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅអាស៊ី។ នៅវៀតណាម AIIB បានផ្ដល់មូលនិធិដល់គម្រោងចំនួន ៣ ដែលមានតម្លៃសរុប ២២៣ លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យដូចជា ការឆ្លើយតបទៅនឹងជំងឺរាតត្បាត COVID-១៩ ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព៕