៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម-កាណាដា៖ សក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - ថ្ងៃស្អែក (២១ សីហា) គឺជាទិវាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកាណាដា (១៩៧៣-២០២៣)។ 
៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម-កាណាដា៖ សក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក Pham Vinh Quang

ឆ្លើយបទសម្ភាសន៍សារព័ត៌មាននាឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក Pham Vinh Quang បានឲ្យដឹងថា៖ ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ ប្រទេសទាំងពីរបានជំរុញទំនាក់ទំនងប្រកបដោយនិរន្តរភាព និងសម្រេចបានសមិទ្ធិផលជាច្រើន។ នៅឆ្នាំ ២០១៧ ភាគីទាំងពីរបានតម្លើងថ្នាក់ក្របខ័ណ្ឌទំនាក់ទំនងទៅជាភាពជាដៃគូទូលំទូលាយ សហប្រតិបត្តិការលើគ្រប់វិស័យ។

ក្នុងវិស័យនយោបាយនិងការទូត ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ។ វៀតណាម និងកាណាដាក៏រក្សាយន្តការសន្ទនានយោបាយប្រចាំឆ្នាំនៅថ្នាក់អនុរដ្ឋមន្ត្រីផងដែរ។ ទន្ទឹមនឹងការទូតរដ្ឋ កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរលើបណ្តាញបក្ស និងរដ្ឋសភា និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជនក៏ត្រូវបានលើកកម្ពស់ផងដែរ។

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ គឺជាអាទិភាពកំពូលរបស់ប្រទេសទាំងពីរ។ វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈកាណាដាជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមបន្ទាប់ពីអាមេរិកនៅតំបន់អាមេរិកឡាទីន។ ទំហំពាណិជ្ជកម្មទ្វេភាគីតែងតែសម្រេចបានកំណើនពីរខ្ទង់ជារៀងរាល់ឆ្នាំ ដោយឈានដល់ ៧ ពាន់លានដុល្លារកាលពីឆ្នាំមុន (យោងតាមស្ថិតិរបស់ប្រទេសកាណាដា តួលេខនេះគឺ ១៣ ពាន់លានដុល្លារដោយសារការរួមបញ្ចូលបរិមាណទំនិញឆ្លងកាត់សហរដ្ឋអាមេរិក) ។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខក៏ត្រូវបានអភិរឌ្ឍន៍ ពោលគឺភាគីទាំងពីរបានបង្កើតយន្តការសន្ទនាយុទ្ធសាស្ត្រគោលនយោបាយការពារជាតិប្រចាំឆ្នាំ និងអនុវត្តន៍យ៉ាងសកម្មនូវផែនការសហប្រតិបត្តិការលើវិស័យការពារជាតិដំណាក់កាល ២០២១-២០២៣។

ថ្លែងមតិអំពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ លោកឯកអគ្គរដ្ឋទូត Pham Vinh Quang បានចាត់ទុកថា សក្ដានុពលរបស់ភាគីទាំងពីរនៅតែមានច្រើនណាស់។ ក្នុងន័យនយោបាយ និងការទូត ទាំងវៀតណាម និងកាណាដាមានបំណងចង់កសាងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ ដោយឈរលើការគោរពគោលការណ៍ច្បាប់អន្តរជាតិ។ ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាណាដាមើលឃើញថាទីផ្សារវៀតណាមជាច្រកទ្វារសម្រាប់ជ្រៀតចូលអាស៊ានក៏ដូចជាទីផ្សារនៅអាស៊ីប៉ាស៊ីហ្វិក។ ផ្ទុយទៅវិញ វៀតណាមអាចទាញយកផលប្រយោជន៍របស់កាណាដាក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿន ដើម្បីគាំទ្រការអភិវឌ្ឍក្នុងដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ និងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ