៥០០ ថ្ងៃនិងយប់ ប្រឡងប្រណាំងដើម្បីសម្រេចបានផ្លូវល្បឿនលឿន ៣.០០០ គីឡូម៉ែត្រដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែសីហា នៅខេត្ត Dak Lak នាយករដ្ឋមន្ត្រីវៀតណាមលោក លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបំផុសចលនា “៥០០ ថ្ងៃ និងយប់ ប្រឡងប្រណាំងដើម្បីសម្រេចបានផ្លូវល្បឿនលឿន ៣០០០ គីឡូម៉ែត្រ”។
ពិធីបំផុសចលនា “៥០០ថ្ងៃនិងយប់ ប្រឡងប្រណាំងដើម្បីសម្រេចបានផ្លូវល្បឿនលឿន ៣០០០ គីឡូម៉ែត្រ” គឺជាព្រឹត្តិការណ៍ដ៏សំខាន់និងមានអត្ថន័យនៅក្នុងបរិយាកាសដែលប្រទេសជាតិទាំងមូលកំពុងប្រឡងប្រណាំងយ៉ាងផុសផុល ឆ្ពោះទៅការរំលឹកខួបលើកទី ៧៩ ទិវាជ័យជំនះបដិវត្តខែសីហា និងទិវាបុណ្យជាតិទី២ ខែកញ្ញា ហើយខិតខំសម្រេចនិងសម្រេចមុនកាលកំណត់នូវគោលដៅនានានៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ស្វាគមន៍មហាសន្និបាតបក្សភាគគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ អបអរសាទរខួបលើកទី៨០ ទិវាបង្កើតប្រទេសជាំតិ និងលើកទី ៥០ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិផងដែរ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបំផុសការប្រឡងប្រណាំងកំពូល “៥០០ ថ្ងៃនិងយប់ប្រឡងប្រណាំងដើម្បីសម្រេចបានផ្លូវល្បឿនលឿន ៣០០០ គីឡូម៉ែត្រ”។ រូបថត៖ VOV |
នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបំផុសការប្រឡងប្រណាំង “៥០០ថ្ងៃនិងយប់ សម្រេចបានផ្លូវល្បឿនលឿន ៣០០០ គីឡូម៉ែត្រ” ហើយបានអំពាវនាវដល់ក្រសួង ស្ថាប័ន មូលដ្ឋាន វិនិយោគិន គណៈគ្រប់គ្រង់គម្រោង ទីប្រឹក្សាត្រួតពិនិត្យ អ្នកម៉ៅការសំណង់ សហគ្រាសដែលចូលរួមក្នុងគម្រោង និងជាពិសេសក្រុមវិស្វករ កម្មាភិបាល កម្មករ និងប្រជាជនទាំងអស់ បន្តពង្រីកស្មារតីទទួលខុសត្រូវឲ្យខ្ពស់បំផុត ជំនះរាល់ការលំបាកនិងឧបសគ្គ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង ខិតខំសម្រេចគម្រោង ធានាគុណភាព និង វឌ្ឍនភាព ដើម្បីភាពសម្បូរធូធានិងសុភមង្គលរបស់ប្រជាជន និងដើម្បីការអភិវឌ្ឍដ៏ខ្លាំងមាំមួនរបស់ប្រទេសជាតិ៕