៩ ខែដើមឆ្នាំ២០២២ វៀតណាមទទួលភ្ញៀវអន្តរជាតិជាង ១,៦៥ លាននាក់
(VOVWORLD) - នាព្រឹកថ្ងៃទី ១២ តុលា នៅខេត្ត Quang Nam ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានសម្របសម្រួលជាមួយការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) រៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២២ (MTF) ក្រោមប្រធានបទ “ការស្ថាបនា និងស្ដារផ្នែកទេសចរណ៍ឡើងវិញ”។
វេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២២ (MTF) ក្រោមប្រធានបទ “ការស្ថាបនា និងស្ដារផ្នែកទេសចរណ៍ឡើងវិញ” |
វេទិកានេះមានការចូលរួមពីប្រតិភូចំនួន ២៥០ នាក់ ដើម្បីពិភាក្សាអំពីការស្ដារទេសចរណ៍ឡើងវិញ ការផ្លាស់ប្តូរឌីជីថល ការធ្វើមូលដ្ឋានីយកម្មខ្សែសង្វាក់ផ្គត់ផ្គង់ គំរូអាជីវកម្មសហគ្រាសសង្គម និងវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីស្ដារផ្នែកទេសចរណ៍ឡើងវិញ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីបំផុត ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងទូលំទូលាយ។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ មានសកម្មភាព៖ ឧទ្ទេសនាមទេសចរណ៍វៀតណាម; កម្មវិធីស្ទង់មតិទេសចរណ៍ខេត្ត Quang Nam; ពិព័រណ៍ ឧទ្ទេសនាមទេសចរណ៍អនុតំបន់ និងវៀតណាម។ អញ្ជើញថ្លែងនៅក្នុងវេទិកានេះ លោក Nguyen Trung Khanh ប្រធានអគ្គនាយកដ្ឋានទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ វៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ១,៦៥ លាននាក់ និងបម្រើភ្ញៀវទេសចរជាតិចំនួន ៨៦,៨ លាននាក់ ជាមួយនឹងប្រាក់ចំណូលសរុបប្រមាណ ១៦,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះវៀតណាមបានទទួលភ្ញៀវទេសចរជាង ១១ ម៉ឺននាក់មកពីបណ្តាប្រទេសក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ។
វេទិកាទេសចរណ៍មេគង្គត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីលើកកំពស់ឋានៈតំបន់មហាអនុតំបន់ទន្លេមេគង្គ (រួមមានប្រទេសចំនួន ៦៖ វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងចិន) ជាគោលដៅទេសចរណ៍រួម ដោយផ្តល់មូលដ្ឋានគ្រឹះសម្រាប់វិស័យ សាធារណៈ និងឯកជន ដើម្បីដោះស្រាយបញ្ហាទេសចរណ៍។ នេះគឺជាលើកទី៣ហើយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះទទួលរៀបចំវេទិកានេះផងដែរ៕