CPTPP ជួយបង្កើនការប្រកួតប្រជែងលើទីផ្សារពលករអន្តរជាតិ

(VOVWORLD) - វៀតណាមទើបនឹងបានក្លាយទៅជាប្រទេសទី៧ដែលអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នាពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាននាចុងឆ្នាំនេះ វានឹង នាំមកនូវឱកាសជាច្រើនសម្រាប់វៀតណាម ប៉ុន្តែក៏ដាក់ចេញការសាកល្បងមិន តិចតួចដែរ ក្នុងនោះត្រូវនិយាយដល់វិស័យការងារ ទីផ្សារពលករនិងទំនាក់ទំនង ពលកម្ម។

ទន្ទឹមនឹងការបង្កើតឡើងតំបន់ពាណិជ្ជកម្មសេរីមួយដ៏ធំបំផុតលើពិភពលោក CPTPP ត្រូវបានគេរំពឹងទុកថា នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គម ដោយបង្កើតបន្ថែមការងារធ្វើ និងរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ពលករ។ ប៉ុន្តែ ការចូលរួម CPTPP ក៏ដាក់ចេញការសាកល្បងមិនតូចតាចនោះឡើយ។

        ឱកាសសម្រាប់ពលករវៀតណាម

        នាពេលដែលវៀតណាមចូលរួម CPTPP វិស័យពលករនឹងរងផលប៉ះពាល់ជាច្រើន។ CPTPP នឹងជួយអោយបង្កើនទំហំនៃការនាំចេញ បើកពង្រីកទីផ្សារ ហេតុដូច្នេះហើយនឹងបង្កើតការងារធ្វើបន្ថែមទៀត។ អាចនិយាយបានថា បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ក្នុងនោះមាន CPTPP សុទ្ធតែជះឥទ្ធិពលដ៏វិជ្ជមានទៅលើវិស័យពលកម្មនិងការងារ។ បរិមាណការងារនឹងកើនឡើង គុណភាពពលករកើនឡើង និងផលិតភាពពលកម្មក៏កើនឡើងផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Le Quan បានវាយតម្លៃថា៖

        “តាមការវាយតម្លៃរបស់យើងខ្ញុំថា ជារៀងរាល់ឆ្នាំយើងនឹងបង្កើតការងារបន្ថែមសម្រាប់ពលករពី២០ដល់៣០ពាន់នាក់ ហើយប្រការសំខាន់បំផុតគឺវាជួយអោយយើងផ្លាស់ប្ដូររចនាសម្ព័ន្ធធនធានមនុស្សក្នុងវិស័យមួយចំនួន ពិសេសគឺស័យកសិកម្ម បច្ចេកវិទ្យាខ្ពស់ ក៏ដូចជាជួយអោយយើងលើកស្ទួយផលិតភាពពលកម្មផងដែរ”។

        ម្ចាស់ការដោះស្រាយការសាកល្បង

        ម្យ៉ាងវិញទៀត CPTPP ក៏ដាក់ចេញតម្រូវការនានាអំពីពលករដែលវៀតណាមត្រូវឆ្លើយតប។ ការសាកល្បងមួយក្នុងចំណោមការសាកល្បងលេចធ្លោទាំង៦ដែលវៀតណាមត្រូវប្រឈមមុខនាពេលចូលរួម CPTPP នោះគឺ ការធ្វើវិសោធនកម្មនូវច្បាប់ស្ដីពីសិទ្ធិបង្កើតអង្គការរបស់ពលករនៅសហគ្រាស និងការគ្រប់គ្រងរបស់រដ្ឋ ដើម្បីធានាអោយសកម្មភាពនៃអង្គការនេះគោរពតាមច្បាប់នៃប្រទេសវៀតណាម។

        នាពេលខាងមុខ វៀតណាមនឹងត្រួតពិនិត្យឡើងវិញ ដើម្បីកែតម្រូវដល់សន្ធិសញ្ញាស្ដីពីសិទ្ធិចូលរួមបង្កើតសមាគមន៍ និងសិទ្ធិតភ្ជាប់គ្នារបស់ពលករ។ ប្រការនេះមានន័យថា ពលករអាចបង្កើតអង្គការតំណាងរបស់ពួកគេនៅសហគ្រាស។ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមលោក Le Quan បានអោយដឹងថែមទៀតថា៖

        “យើងត្រូវផ្ដោតទៅលើការធ្វើវិសោធនកម្មនូវប្រព័ន្ធច្បាប់ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍របស់ពលករអោយបានល្អជាង ក៏ដូចជាធានាសន្តិសុខសណ្ដាប់ធ្នាប់និងពុំទុកអោយពលកររងការរំលោភបំពាន”។

        តាមការកំណត់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីថា ប្រទេសជាសមាជិកនឹងមិនអាចបង្កើតឧត្តមភាពប្រកួតប្រជែងខាងផ្នែកពាណិជ្ជកម្មដោយការបញ្ចុះបទដ្ឋានពលកម្មបានឡើយ។ នាពេលចូលរួម CPTPP វៀតណាមនឹងរងផលប៉ះពាល់ដោយកិច្ចព្រមព្រៀងនេះផងនិងដោយបដិវត្តន៍ឧស្សាហកម្ម៤.០ទៀតផង។ ហេតុដូច្នេះហើយ វៀតណាមចាំបាច់ត្រូវត្រៀមរៀបចំប្រភពធនធានមនុស្សអោយបានល្អ ជាពិសេសគឺធនធានមនុស្សមានគុណភាពខ្ពស់ដើម្បីលើកស្ទួយលទ្ធភាពប្រកួតប្រជែង។ អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោក Le Quan បានចាត់ទុកថា៖

        “គុណភាពនៃប្រភពធនធានមនុស្សនាបច្ចុប្បន្នគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើបដិវត្តន៍ឧស្សាហកម្ម៤.០។ ប្រការនេះទាមទារអោយយើងត្រូវមានការផ្លាស់ប្ដូរក្នុងស្ថានភាពជាក់ស្ដែងអោយបានសមស្របទៅនឹងទំនៀមទំលាប់អន្តរជាតិនិងការកំណត់រួមដែលយើងបានសន្យា”។

        ការចូលរួម CPTPP ជាឱកាសដើម្បីវៀតណាមលើកស្ទួយគុណភាពពលករបង្កើនការងារធ្វើ ផលិតភាពពលកម្មនិងលទ្ធភាពប្រកួតប្រជែង។ ប៉ុន្តែកិច្ចព្រមព្រៀងនេះក៏ទាមទារបទដ្ឋានដ៏តឹងរឹងខាងផ្នែកពលករ បរិស្ថាន សិទ្ធិនិងផលប្រយោជន៍របស់ពលករ។ ការកំណត់យ៉ាងច្បាស់នូវលក្ខណៈងាយស្រួលនិងការសាកល្បងក្នុងវិស័យពលកម្ម ក៏ដូចជាការចាត់វិធានការអោយបានទាន់ពេលវេលា នឹងជួយអោយវៀតណាមអាចឆ្លៀតយកបាននូវឱកាសដែលកិច្ចព្រមព្រៀងសំខាន់នេះនាំមកជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ